រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមទៀ សីហាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាកំពុងបង្កើនទ័ពនិងសព្វាវុធ ដើម្បីបង្កសង្គ្រាមឆាប់ៗនេះ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា បានចេញមុខច្រានចោលការចុះផ្សាយចោទប្រកាន់របស់ភាគីថៃដែលថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ។

ផ្ទុយទៅវិញ ឯកឧត្តម ទៀ សីហា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៩ ខែមិថុនានេះថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា កម្ពុជាសង្ឃឹមថាភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា។

ការចេញមុខច្រានចោល និងបញ្ជាក់ជំហរកម្ពុជាបែបនេះ ដោយសារតែមួយរយៈនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ បានកត់សម្គាល់ឃើញថា មានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែលថា៖ «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…