ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

«មរតកជាតិវិលមកផ្ទះវិញ»! វត្ថុបុរាណខ្មែរចំនួន ២ បន្ថែមទៀត ត្រូវបានប្រគល់ជូនកម្ពុជាពីសហរដ្ឋអាមេរិក

KPS99TVសរសេរ:ទាវ វិឆាត

សេចក្តីសង្ខេប

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសពីការបញ្ជូនវត្ថុបុរាណខ្មែរចំនួន២ត្រឡប់ពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតានមកកម្ពុជា បន្ទាប់ពីពិធីប្រគល់នៅញូវយ៉កថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ វត្ថុទាំងពីរគឺផ្តែរថ្មភក់សម័យមុនអង្គរ សតវត្សទី៧-៨ និងបដិមា Demon Hiranyakaśipu សតវត្សទី១០ពីតំបន់កោះកេរ។

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសថា វត្ថុបុរាណខ្មែរចំនួន ២ បន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញពី សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន (Metropolitan Museum of Art) នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានរឹបអូសដោយ ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney’s Office)។

ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក ដែលជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិ ក្នុងការស្វែងរក និងនាំយកសម្បត្តិវប្បធម៌ជាតិដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ឱ្យវិលត្រឡប់មកមាតុភូមិវិញ។

វត្ថុបុរាណទាំងពីររួមមាន ផ្តែរថ្មភក់មានចម្លាក់រូបរាហូ (ព្រះកាល) ដែលមានអាយុកាលស្ថិតក្នុងសម័យមុនអង្គរ ចន្លោះសតវត្សទី៧ ដល់ទី៨ នៃគ្រិស្តសករាជ និង បដិមាថ្មភក់អសុរ ហិរណ្យកសិពុ (Demon Hiranyakaśipu) ដែលមានប្រភពដើមពីប្រាសាទចិន ក្នុងតំបន់កោះកេរ និងស្ថិតក្នុងសម័យអង្គរ នាសតវត្សទី១០។

ការវិលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន ដែលជាដៃគូសំខាន់ក្នុងការស៊ើបអង្កេត ស្វែងរក និងស្តារឡើងវិញនូវសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញទៅក្រៅប្រទេស។

ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ការស៊ើបអង្កេតលើបណ្តាញជួញដូរវត្ថុបុរាណរបស់ Nancy Wiener, លោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានជួយឱ្យវត្ថុបុរាណខ្មែរជាច្រើនត្រូវបានរកឃើញ និងបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោក Alvin Bragg រដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន និងលោក Matthew Bogdanos រួមទាំងក្រុមការងារស៊ើបអង្កេត ដែលបានបន្តគាំទ្រ និងសហការក្នុងការអនុវត្តច្បាប់ប្រឆាំងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់។

ជាមួយគ្នានេះ ក្រសួងក៏បានកោតសរសើរដល់សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដែលបានទទួលយកភស្តុតាង និងសម្រេចប្រគល់វត្ថុបុរាណទាំងពីរមកកម្ពុជាវិញ ព្រមទាំងបន្តសហការពិនិត្យសមុច្ច័យវត្ថុបុរាណខ្មែរផ្សេងៗទៀត ដែលអាចមានប្រភពដើមពីកម្ពុជា។

ការវិលត្រឡប់មកវិញនៃវត្ថុបុរាណទាំងពីរនេះ គឺជាជោគជ័យថ្មីមួយក្នុងបេសកកម្មការពារ និងស្តារឡើងវិញនូវមរតកវប្បធម៌ជាតិ ដែលបានបាត់បង់ក្នុងអំឡុងពេលកន្លងមក។ ជោគជ័យនេះក៏ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការធានាថា សម្បត្តិវប្បធម៌ដែលជាកេរដំណែលប្រវត្តិសាស្ត្ររបស់ប្រជាជាតិ នឹងត្រូវបានរក្សាទុក និងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ដោយ៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…