ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អតីតពលករវិលពីថៃ មានការងារធ្វើ និងចំណូលថេរ នៅស្រុកព្រៃនប់ ខណៈសេដ្ឋកិច្ចមូលដ្ឋានកំពុងរីកចម្រើន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក អ៊ី ធារិន បានចុះសួរសុខទុក្ខអតីតពលករវិលពីថៃ ដែលកំពុងធ្វើការនៅរោងចក្រឥដ្ឋក្នុងស្រុកព្រៃនប់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ កម្មករបានឱ្យដឹងថាអាចរកចំណូលបាន៣៥០-៦៥០ដុល្លារក្នុងមួយខែ ហើយការងារជិតផ្ទះជួយឱ្យរស់នៅជួបជុំគ្រួសារនិងកាត់បន្ថយហានិភ័យចំណាកស្រុក។

ខេត្តព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខអតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងបច្ចុប្បន្នកំពុងបម្រើការងារនៅរោងចក្រផលិតឥដ្ឋមួយកន្លែងក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ បងប្អូនកម្មករ-កម្មការិនី បានបង្ហាញពីក្តីសប្បាយរីករាយ និងការពេញចិត្តចំពោះឱកាសការងារដែលមាននៅក្នុងមូលដ្ឋាន។ ពួកគាត់បានឱ្យដឹងថា បច្ចុប្បន្នអាចរកប្រាក់ចំណូលបានចន្លោះពី ៣៥០ ដុល្លារ ទៅ ៦៥០ ដុល្លារ ក្នុងមួយខែ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរ។
បងប្អូនអតីតពលករបានលើកឡើងថា ការមានការងារធ្វើនៅជិតផ្ទះ មិនត្រឹមតែផ្តល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរស់នៅជួបជុំក្រុមគ្រួសារ កាត់បន្ថយការបែកបាក់ និងជៀសវាងហានិភ័យនានាពីការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសផងដែរ។
ការវិលត្រឡប់របស់អតីតពលករ និងការទទួលបានឱកាសការងារនៅក្នុងមូលដ្ឋាន បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ និងការកើនឡើងនៃឱកាសការងារ ដែលកំពុងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ការអភិវឌ្ឍរោងចក្រ និងសហគ្រាសនានាក្នុងមូលដ្ឋាន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យអាចរស់នៅ និងអភិវឌ្ឍជីវិតជាមួយក្រុមគ្រួសារក្នុងស្រុកកំណើតរបស់ខ្លួនប្រកបដោយសុភមង្គល និងចីរភាព៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…