ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស អញ្ជើញទៅទទួលកូនឈើដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌយុទ្ធនាការ «ពន្លកបៃតង» ដែលជាគំនិតផ្តួចផ្តើមក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងពង្រីកគម្របព្រៃឈើ និងរួមចំណែកសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
បច្ចុប្បន្ន ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥កន្លែង រួមមាន ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប កោះកុង និងមណ្ឌលគិរី ដែលមានសមត្ថភាពផលិតកូនឈើបានរាប់លានដើមក្នុងមួយឆ្នាំៗ។
ក្នុងឆ្នាំ២០២៥ ក្រសួងបានចែកជូនកូនឈើដោយឥតគិតថ្លៃជាង ៣,៤លានដើម។ សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងមានផែនការចែកចាយកូនឈើចំនួន ៥លានដើម រួមមានឈើប្រណីត ដូចជា បេង នាងនួន ក្រញូង និងធ្នង់ ព្រមទាំងឈើហូបផ្លែ ឈើលម្អ និងកូនត្នោតចំនួន ១,៥លានដើម។
កូនឈើទាំងនេះ នឹងត្រូវផ្តល់ជូនសាធារណជនដោយឥតគិតថ្លៃ សម្រាប់យកទៅដាំនៅតាមសាលារៀន វត្តអារាម សហគមន៍ និងទីសាធារណៈផ្សេងៗ ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់ការអភិរក្សបរិស្ថាននៅកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម













