ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជប៉ុនផ្តល់ជំនួយ ១,៣លានដុល្លារ គាំទ្រអតីតពលករ និងជនរងគ្រោះពីវិបត្តិព្រំដែនកម្ពុជា-ថៃ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

គម្រោងឆ្លើយតបតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកងាយរងគ្រោះពីវិបត្តិព្រំដែនកម្ពុជា–ថៃ ទទួលថវិកាបន្ថែម១,៣លានដុល្លារពីជប៉ុន។ UNFPA, IOM និង UN Women សហការជាមួយក្រសួងការងារគាំទ្រការការពារ សេវាសង្គម និងភាពធន់។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ» ដែលទទួលបានថវិកាបន្ថែម ១,៣លានដុល្លារពីរដ្ឋាភិបាលជប៉ុន។

គម្រោងនេះអនុវត្តដោយ UNFPA, IOM និង UN Women សហការជាមួយក្រសួងការងារ ដើម្បីគាំទ្រអតីតពលករ ជនភៀសសឹក និងសហគមន៍ងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ តាមរយៈការផ្តល់ការការពារ សេវាសង្គម និងការកសាងភាពធន់នាពេលអនាគត។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនចំពោះការគាំទ្របន្ត និងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្របសម្រួលការងារជូនអតីតពលករប្រមាណ ៦៥ម៉ឺននាក់ ក្នុងនោះជាង ៣៤ម៉ឺននាក់ទទួលបានការងារតាមរយៈយន្តការរបស់ក្រសួង។

តំណាងអង្គការសហប្រជាជាតិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញការប្តេជ្ញាបន្តសហការគាំទ្រជនរងផលប៉ះពាល់ពីវិបត្តិព្រំដែន ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…