(ព្រះសីហនុ) ៖ វិធានការក្តៅក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យានៅតែបន្តធ្វើឡើងយ៉ាងសកម្ម ដោយនៅក្នុងនោះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
កិច្ចប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជា និងការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក ម៉ាង ស៊ីណេត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោង ២៣៖៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងជំនាញចំនួន ១៥នាក់ ចុះទៅដល់ទីតាំងផ្ទាល់ ដោយមានការសម្របសម្រួលផ្នែកច្បាប់ពីសំណាក់លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផល សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស ១៨នាក់ (ស្ត្រី ២នាក់) រួមជាមួយនឹងការដកហូតសម្ភារ និងវត្ថុតាងដែលបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង ១៨នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីឱ្យមន្ត្រីជំនាញធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ឡាយ កុល













