ការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ កំពុងជួយពង្រឹងសន្តិសុខស្បៀង បង្កើនចំណូលប្រជាពលរដ្ឋ និងធានាចីរភាពបរិស្ថាន។
យោងតាមនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមសហគមន៍អាចរកចំណូលបានប្រមាណ ៧០ម៉ឺនដុល្លារអាមេរិក ពីអនុផលព្រៃឈើ និងធនធានធម្មជាតិ ដូចជា សំរ៉ង ផ្សិតប៉ប៉ក់ ផ្សិតក្ងោក ទឹកឃ្មុំ ផ្លែគុយ និងជ័រឈើ ជាដើម។ល។
គិតត្រឹមឆ្នាំ២០២៦ កម្ពុជាមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩៤សហគមន៍ ដែលមានសមាជិកជាង ៧៣,០០០គ្រួសារ និងបានចូលរួមគ្រប់គ្រងព្រៃឈើលើផ្ទៃដីសរុបជាង ៣៣ម៉ឺនហិកតា។
ជាមួយគ្នានេះ សហគមន៍ចំនួន ៧ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង កំពុងអភិរក្សឬស្សីប្រកបដោយនិរន្តរភាព ដោយសហការជាមួយវិស័យឯកជន និងរកចំណូលបានប្រមាណ ១២,៥០០ដុល្លារ។
វិស័យទេសចរណ៍ធម្មជាតិក៏កំពុងរីកចម្រើនផងដែរ ដោយសហគមន៍ចំនួន ៥៣ មានសក្តានុពលអភិវឌ្ឍន៍លម្ហែបៃតង។ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ សហគមន៍ចំនួន ៣៨ បានទាក់ទាញភ្ញៀវទេសចរជាតិជាង ៣៤ម៉ឺននាក់ និងភ្ញៀវអន្តរជាតិជាង ៦ពាន់នាក់ ដែលបានបង្កើតចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាជាង ៣០ម៉ឺនដុល្លារ និងបង្កើតការងារប្រមាណ ៤,៤០០កន្លែង។
សហគមន៍ទាំងនេះក៏បានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងចលនា «ពន្លកបៃតង» ដោយបានដាំដើមឈើជាង ២៣៥,០០០ដើម លើផ្ទៃដីជាង ៧,៥០០ហិកតា។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមពីសហគមន៍ គឺជាកត្តាសំខាន់ក្នុងការការពារធនធានធម្មជាតិ រក្សាប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម

















