ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទទួលបច្ច័យ ១៦០លានរៀល ពីគណៈសង្ឃនាយកកម្ពុជា ជូនមូលនិធិគន្ធបុប្ផា

KPS99TV

សេចក្តីសង្ខេប

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលបច្ច័យ១៦០លានរៀលពីគណៈសង្ឃនាយក និងអំពាវនាវឱ្យបន្តគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

យោងតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកនេះ បានគូសបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងប្រសាសន៍ក្នុងពិធីប្រគល់-ទទួលថវិកា លោកជំទាវបណ្ឌិត សូមអរព្រះគុណ «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ នៃគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់ជាបច្ច័យចំនួន ១៦០ ០០០ ០០០ (មួយរយហុកសិបលាន) រៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិត រួមទាំងផ្តល់នូវក្តីសង្ឃឹមវិជ្ជមាន ស្នាមញញឹម និងអនាគតយ៉ាងត្រចះត្រចង់ដល់កុមារកម្ពុជា ព្រមទាំងមហាគ្រួសារខ្មែរទាំងអស់។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេស យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាចលនាកៀរគរមូលនិធិដើម្បីទ្រទ្រង់ដល់បេសកកម្មពិនិត្យព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ជូនដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ ហើយក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីអនាគតប្រទេសកម្ពុជាទាំងមូលផងដែរ៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…