(បរទេស) ៖ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ បានសម្តែងការខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះករណីនារីជនជាតិថៃម្នាក់ ដែលត្រូវអាជ្ញាធរអូស្ត្រាលីចាប់ខ្លួនពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។
ថ្លែងពីប្រទេសបារាំងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោកបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងចំពោះបញ្ហានេះ ដោយលោកចាត់ទុកថាទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ជើងហោះហើរ TG465 របស់ក្រុមហ៊ុន Thai Airways បានចាកចេញពីទីក្រុងបាងកកនៅថ្ងៃទី២៤ ខែមិថុនា និងមកដល់អាកាសយានដ្ឋានមែលប៊ននៅថ្ងៃទី២៥ ខែមិថុនា។ អាជ្ញាធរអូស្ត្រាលីបានឃាត់បុគ្គលិកបម្រើការលើយន្តហោះវ័យ ២៦ ឆ្នាំម្នាក់ក្រោយការមកដល់។ អាជ្ញាធរបានឱ្យដឹងថា ការពិនិត្យកាបូបយួរចំនួន ១២ បានរកឃើញសារធាតុទម្ងន់ជាង ១ គីឡូក្រាម ដែលលទ្ធផលធ្វើតេស្តបឋមបង្ហាញថាអាចជាហេរ៉ូអ៊ីន។ តម្លៃប៉ាន់ស្មាននៅទីផ្សារងងឹតមានប្រមាណ ៣៤ ម៉ឺនដុល្លារអាមេរិក។
អាជ្ញាធរអូស្ត្រាលីបានចោទប្រកាន់ស្ត្រីរូបនេះចំនួនពីរបទ គឺនាំចូល និងកាន់កាប់គ្រឿងញៀនដែលស្ថិតក្រោមការគ្រប់គ្រងតាមច្បាប់ព្រំដែន ក្នុងបរិមាណដល់កម្រិតដែលច្បាប់កំណត់សម្រាប់ជួញដូរ។ ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធ បទចោទនីមួយៗមានទោសដាក់ពន្ធនាគារអតិបរមា ២៥ ឆ្នាំ៕
ដោយ ៖ ឡាយ កុល








