ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចិនផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបរ» ជួយកម្ពុជាលើកកម្ពស់ TVET និងត្រៀមកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មអនាគត

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ចិនបានផ្តល់សៀវភៅស្តង់ដាជាតិមុខរបរ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រគុណភាពបណ្តុះបណ្តាល TVET និងជំនាញសម្រាប់ឧស្សាហកម្មថ្មីៗ ដោយសៀវភៅនេះគ្របដណ្តប់ជំនាញសំខាន់ៗ១៦។

រដ្ឋាភិបាលចិន តាមរយៈក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មថ្មីៗ។

ពិធីប្រគល់សៀវភៅនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស។

សៀវភៅនេះបានប្រមូលផ្តុំស្តង់ដារ និងប្រព័ន្ធវាយតម្លៃជំនាញមុខរបរជាច្រើន ដោយបែងចែកតាមប្រភេទ និងកម្រិតជំនាញយ៉ាងច្បាស់លាស់ ដែលនឹងជួយកម្ពុជាពង្រឹងស្តង់ដាជាតិ សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍទីផ្សារការងារ។

ជំនាញសំខាន់ៗចំនួន ១៦ ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅនេះ រួមមានវិស័យសំណង់ ការកែច្នៃដែក និងគ្រឿងម៉ាស៊ីន ការដំឡើងប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ ការថែទាំអគ្គិសនី និងអេឡិចត្រូនិក ការជួសជុលម៉ូតូ និងរថយន្ត ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងសេវាកម្មក្នុងគេហដ្ឋានជាដើម។

លើសពីការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្តង់ដារទាំងនេះក៏នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា ដែលឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មយានយន្តថាមពលថ្មី (NEV) និងបច្ចេកវិទ្យាទំនើបផងដែរ។

ស្របពេលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាកំពុងរីកចម្រើន កញ្ចប់ស្តង់ដារនេះនឹងជួយត្រៀមកម្លាំងពលកម្មឱ្យមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការថែទាំ ជួសជុល និងផ្តល់សេវាកម្មលើយានយន្តអគ្គិសនី ដើម្បីគាំទ្រការអភិវឌ្ឍទីផ្សារ EV និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជានាពេលអនាគត។

សៀវភៅ «ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ត្រូវបានរៀបចំ និងបោះពុម្ពផ្សាយដោយក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន ដោយមានការចូលរួមពីអ្នកជំនាញជាង ៥០រូប និងផ្តោតលើការកំណត់ស្តង់ដារមុខរបរ និងការវាយតម្លៃជំនាញតាមកម្រិតផ្សេងៗយ៉ាងលម្អិត និងច្បាស់លាស់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…