កម្ពុជាបានបង្ហាញមោទនភាពក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ World Universal Pageants 2026 ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ បេតិកភណ្ឌ និងសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងលើកកម្ពស់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងបណ្ដាប្រទេសនានាជុំវិញពិភពលោក។
បន្ទាប់ពីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦–២០២៨ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមបវរកញ្ញាអន្តរជាតិដែលចូលរួមក្នុងកម្មវិធី World Universal Pageants 2026។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ផ្សព្វផ្សាយពីប្រវត្តិសាស្ត្រ វប្បធម៌ គោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។
ព្រឹត្តិការណ៍នេះក៏ត្រូវបានរំពឹងថា នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិនានា និងពង្រឹងរូបភាពវិជ្ជមានរបស់កម្ពុជា ជាប្រទេសមានសន្តិភាព សុវត្ថិភាព និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។
ខេត្តសៀមរាប ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៕
ដោយ៖ ប៉ៃ សុឃីម



















