ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ MSMEs នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ជំរុញសមត្ថភាពប្រកួតប្រជែងសហគ្រាសកម្ពុជា

KPS99TV

សេចក្តីសង្ខេប

គណៈប្រតិភូ MISTI បានទៅប៉េកាំងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាជាមួយភាគីចិនអំពីការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ព្រមទាំងឱកាសសហការលើការបណ្តុះធុរកិច្ចនិងផ្ទេរបច្ចេកវិទ្យា។

ប៉េកាំង៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពន្លឿននវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ព្រមទាំងពង្រឹងប្រព័ន្ធអេកូឡូស៊ីគាំទ្រធុរកិច្ច សំដៅលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួង MISTI ដឹកនាំដោយ ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយ ឯកឧត្តម Ke Jixin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលចិនសម្រាប់លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើការអភិវឌ្ឍវិស័យឧស្សាហកម្ម ការគាំទ្រ MSMEs ការជំរុញបរិវត្តកម្មឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ដោយឯកភាពបន្តពង្រីកកិច្ចសហការជាក់ស្តែង និងការចែករំលែកចំណេះដឹងក្នុងវិស័យអាទិភាពទាំងនេះ។

អំឡុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូកម្ពុជាក៏បានអញ្ជើញទស្សនកិច្ច និងជួបពិភាក្សានៅតាមក្រុមហ៊ុន និងស្ថាប័នបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិន រួមមាន iSoftStone Information Technology (Group) Co., Ltd., Zhongguancun (ZGC) Science Park, TusPark និង Torch High Technology Industry Development Center ដើម្បីសិក្សាអំពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ការអភិវឌ្ឍសួនវិទ្យាសាស្ត្រ ការបណ្តុះធុរកិច្ច ការផ្ទេរបច្ចេកវិទ្យា និងការធ្វើពាណិជ្ជូបនីយកម្មនវានុវត្តន៍។

ជំនួបជាបន្តបន្ទាប់ទាំងនេះ ក៏បានបើកទូលាយនូវឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍការវេចខ្ចប់ផលិតផល ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ច ការជំរុញបរិវត្តកម្មឌីជីថល និងការតភ្ជាប់រវាងស្ថាប័នគាំទ្រ MSMEs និងវិស័យឯកជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ បានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ ព្រមទាំងដាក់មូលដ្ឋានសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គ ដើម្បីជំរុញនវានុវត្តន៍ លើកកម្ពស់ផលិតភាព និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…