កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ដោយឃាត់ចាប់គោយន្តកន្ត្រៃចំនួន ៧គ្រឿង ដែលកំពុងដឹកឈើដោយគ្មានលិខិតអនុញ្ញាត នៅស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម។ ការបង្ក្រាបបានធ្វើឡើងនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគោយន្តកន្ត្រៃចំនួន ៧គ្រឿង និងកូនឈើមូលប្រភេទលេខ១ (កកោះ) ប្រវែង ២ម៉ែត្រ សរុបចំនួន ១៣២ដុំ ដែលត្រូវបានដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។
ក្រោយការបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។
ទន្ទឹមនឹងនេះ ប្រភពព័ត៌មាននៅមូលដ្ឋានបានលើកឡើងថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់មួយចំនួនក្នុងខេត្តសៀមរាប នៅតែកើតមានជាបន្តបន្ទាប់ ទោះបីស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធក៏ដោយ។ ប្រភពដដែលអះអាងថា ក្រុមឈ្មួញមួយចំនួននៅតែបន្តកាប់ឈើ ដឹកជញ្ជូនយកទៅលក់ និងឈូសឆាយដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិ។
ជុំវិញបញ្ហានេះ ក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិ បានអំពាវនាវដល់អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ឱ្យបើកការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើករណីបំផ្លាញធនធានធម្មជាតិ ដែលត្រូវបានរាយការណ៍ថាកំពុងកើតមាននៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ដើម្បីការពារ និងអភិរក្សធនធានព្រៃឈើឱ្យមានប្រសិទ្ធភាព៕
ដោយ៖ ប៉ៃ សុឃីម









