ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Ueno Atsushi បានប្រកាសគាំទ្រកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ហើយថា ជប៉ុននឹងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន។
ជប៉ុនបញ្ជាក់ជំហរបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលារវាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួប ឯកឧត្តមឯកអគ្គរាជទូតជប៉ូន Ueno Atsushi បានសម្តែងការគាំទ្រចំពោះកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ហើយជប៉ុននឹងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន។
ក្រៅពីនេះ ឯកឧត្តម បញ្ជាក់ថាភាគីជប៉ុននឹងបន្តជំរុញវិនិយោគិនជប៉ុនឱ្យបន្តមកវិនិយោគនៅកម្ពុជា ទោះបីវិនិយោគិនខ្លះមានការលើកឡើងពីបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្តី។ ឯកឧត្តមឯកអគ្គរាជទូត បញ្ជាក់បន្ថែមថា ជប៉ុនរីករាយនឹងសហការជាមួយកម្ពុជាលើការប្រយុទ្ធប្រឆាំង Online Scams និងបានចាត់ទុកបញ្ហានេះជាបញ្ហារបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ។
ឆ្លើយតបនឹងការលើកឡើងខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ មានលក្ខណៈជារចនាសម្ព័ន្ធ ដែលទាមទារឱ្យមានការដោះស្រាយដោយអត់ធ្មត់និងក្នុងរយៈពេលវែង។ កម្ពុជានៅតែបន្តប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឧក្រិដ្ឋកម្មឆ្លងដែន ហើយកម្ពុជាគឺជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេស ដែលទទួលរងផលប៉ះពាល់ពីប្រតិបត្តិការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់និងបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួចជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនិងបោសសម្អាតឧក្រិដ្ឋកម្មនេះឱ្យអស់ពីកម្ពុជា ដើម្បីលើកកេរ្តិ៍ឈ្មោះ និងកិត្តិយសប្រទេស។ កម្ពុជាក៏កំពុងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាជាសកល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជាក៏មិនអាចប្រយុទ្ធប្រឆាំងតែឯងបាននោះដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
















