ប្រជាពលរដ្ឋរស់នៅភូមិស្ពានដែក និងភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង បានសម្តែងការរីករាយ បន្ទាប់ពីទទួលបានគម្រោងជួសជុលផ្លូវក្រាលក្រួសធម្មជាតិ ប្រវែង ២,៥០០ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ ព្រមទាំងដាក់លូចំនួន ១៥កន្លែង ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គម្រោងនេះប្រើប្រាស់មូលនិធិឃុំធ្លកវៀន ឆ្នាំ២០២៦ ក្នុងទឹកប្រាក់សរុប ១៨៧,៦២៩,១០០រៀល និងអនុវត្តដោយក្រុមហ៊ុន លន់ សុឃុន។
ក្នុងឱកាសចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានណែនាំឱ្យយកចិត្តទុកដាក់ថែទាំសុខភាពក្នុងរដូវវស្សា ការពារជំងឺគ្រុនឈាម និងចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីរួមគ្នារក្សាសន្តិសុខ និងសុវត្ថិភាពនៅក្នុងមូលដ្ឋានផងដែរ៕
ដោយ៖ ប៉ៃ សុឃីម












