ផលិតផលប្រើប្រាស់និងផលិតផលម្ហូបអាហារដែលបានដាក់លក់នៅតាមផ្សារចំនួន៩ និងផ្ទះ តូបលក់ទំនិញ ម៉ាតនានាចំនួន ៣៧ទីតាំង ត្រូវបានមន្រ្តីជំនាញនៃរាជធានី-ខេត្តចំនួន៧ ចុះត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព។ ក្នុងនោះ មន្រ្តីជំនាញបានស្រង់យកសំណាកគំរូ៨០ គំរូដើម្បីធ្វើការវិភាគរកសារធាតុគីមីហាមឃាត់ និងដកហូតផលិតផលពុំមានអនុលោមភាពជាង ៤០គីឡូក្រាម។
បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅដើមសប្តាហ៍នេះ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ កណ្ដាល ព្រះសីហនុ បាត់ដំបង ស្វាយរៀង កំពង់ចាម និងរាជធានីភ្នំពេញ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលប្រើប្រាស់ និងផលិតផលម្ហូបអាហារនៅតាមទីផ្សារគោលដៅសំខាន់ៗរួមមានផ្សារចំនួន៩ និងផ្ទះ តូបលក់ទំនិញ ម៉ាតនានាចំនួន ៣៧ទីតាំង ដើម្បីធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ជាពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះថ្នាក់ណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។
ក្នុងពេលប្រតិបត្តិការចុះពិនិត្យ មន្រ្តីជំនាញបានត្រួតពិនិត្យផ្ដោតសំខាន់លើផលិតផលទំនិញម្ហូបអាហារចម្រុះគ្រប់ប្រភេទ។ ក្នុងនោះ ស្រង់យកសំណាកគំរូដើម្បីធ្វើការវិភាគរកសារធាតុគីមីហាមឃាត់បានចំនួន ៨០សំណាកគំរូ។ ជាលទ្ធផល បានដកហូតផលិតផលពុំមានអនុលោមភាពចំនួន ៤០,៥៧ គីឡូក្រាម និងបានបញ្ជូនសំណាកគំរូស្រាសចំនួន៣គំរូ មកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តនីតិវិធី។
មន្ត្រីសាខា ក.ប.ប ក៏បានចែកជូនផ្ទាំងរូបភាពស្ដីពី «ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ជូនអាជីវករ និងអ្នកប្រើប្រាស់ ដើម្បីចូលរួមស្វ័យត្រួតពិនិត្យលើស្លាកសញ្ញាផលិតផលវេចខ្ចប់ស្រេច ការទុកដាក់ទំនិញ លក្ខខណ្ឌអនាម័យ និងការចេះប្រុងប្រយ័ត្នលើកត្តាជាគ្រោះដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ជាយថាហេតុ ផងដែរ។
ក្នុងករណី អាជីវករ ពាណិជ្ជករ អ្នកលក់ដូ និងជាអ្នកប្រើប្រាស់ មានសំណួរ ឬមានបំណងផ្តល់ព័ត៌មាន សូមទាក់ទងទូរស័ព្ទសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬដោនឡូតកម្មវិធី CCF Complaint App តាមរយៈទូរសព្ទឆ្លាតវៃ ដើម្បីផ្ញើបណ្តឹងឬព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. សហការស្វែងរកដំណោះស្រាយតាមនីតិវិធី៕
ដោយ៖ ង៉ែត ពិសាន្ត














