ខេត្តព្រះសីហនុ កំពុងជំរុញឱ្យអង្គការសង្គមស៊ីវិលពង្រឹងសមត្ថភាពឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាទំនើបឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនតម្លាភាព ប្រសិទ្ធភាពការងារ និងរួមចំណែកអភិវឌ្ឍខេត្តឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។
នេះជាការលើកឡើងដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក្នុងពិធីបើកវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍដ៏សំខាន់ ក្នុងការងារគាំពារសង្គម ការពារបរិស្ថាន អភិវឌ្ឍសហគមន៍ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ បច្ចុប្បន្ន ខេត្តព្រះសីហនុមានអង្គការសង្គមស៊ីវិល សហគមន៍ និងសហជីពសរុប ១៧៨ ក្នុងនោះមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ១០៣, សហគមន៍ ៥៧ និងសហជីពមូលដ្ឋាន ១៨។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបញ្ញាសិប្បនិម្មិត (AI) អង្គការសង្គមស៊ីវិលគួរបន្តអភិវឌ្ឍចំណេះដឹងឌីជីថល ពង្រឹងសន្តិសុខព័ត៌មាន (Cybersecurity) និងប្រើប្រាស់វេទិកាឌីជីថល ដើម្បីបង្កើនការផ្សព្វផ្សាយ តម្លាភាព និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។ ការងារនេះស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក សុខ សុខុម នាយកអង្គការស្រឡាញ់ធនធានធម្មជាតិ (CNRO) និងជាប្រធានបណ្តាញ វ.ស.ស ខេត្តព្រះសីហនុ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងសមត្ថភាពឌីជីថល ដោយចាត់ទុកថា បច្ចេកវិទ្យាឌីជីថលជាមូលដ្ឋានសម្រាប់លើកកម្ពស់អភិបាលកិច្ចល្អ តម្លាភាព ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ។
លោកបានបញ្ជាក់ថា បណ្តាញ វ.ស.ស ខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមលើវិស័យធនធានធម្មជាតិ បរិស្ថាន ជលផល ទេសចរណ៍ អប់រំ និងសង្គមកិច្ច ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ បន្តសហការពង្រឹងសមត្ថភាពឌីជីថល ដើម្បីធានាឱ្យការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ដោយឡែក ឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានណែនាំយុទ្ធសាស្ត្រសំខាន់ចំនួន ៣ សម្រាប់បណ្តាញ វ.ស.ស រួមមាន៖
លើកកម្ពស់សមត្ថភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ ដោយផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់មុនផ្សព្វផ្សាយ។
ដោះស្រាយបញ្ហាតាមយន្តការពិភាក្សា ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន មុននឹងផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍខេត្តប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ថ្នាក់ដឹកនាំទាំងអស់បានសម្តែងក្តីរំពឹងថា វេទិកានេះនឹងក្លាយជាកន្លែងផ្លាស់ប្តូរចំណេះដឹង បង្កើតបណ្តាញសហប្រតិបត្តិការ និងជំរុញឱ្យអង្គការសង្គមស៊ីវិលបន្តដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ និងកម្ពុជាក្នុងយុគសម័យឌីជីថល៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា
























