ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងពាណិជ្ជកម្ម កំពុងរកដំណោះស្រាយ ដើម្បីពង្រីកឱកាសនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ កាន់តែច្រើន!

KPS99TV

សេចក្តីសង្ខេប

ក្រុមការងារជំរុញការនាំចេញ ក្រោមការដឹកនាំរបស់រដ្ឋលេខាធិការ សំហេង បូរ៉ា បានប្រជុំថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ពិនិត្យការងារឆមាសទី១ និងទិសដៅឆមាសទី២។ កិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម ការពង្រីកទីផ្សារ និងការត្រៀមចូលរួម SIAL Paris 2026។

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការនាំចេញរបស់កម្ពុជា នៅទីស្ដីការក្រសួង។  

កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងកំណត់ទិសដៅការងារអាទិភាពសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ សំដៅបន្តពង្រឹងប្រសិទ្ធភាពការងារជំរុញការនាំចេញ លើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានការពិភាក្សាលើការពង្រីកទីផ្សារសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដូចជា៖ ទីផ្សារប្រទេសចិន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តហៃណាំ និងតំបន់ Greater Bay Area (GBA); ទីផ្សារសហរដ្ឋអាមេរិក អឺរ៉ុប បារាំង និងការត្រៀមចូលរួមពិព័រណ៍ SIAL Paris 2026 ដើម្បីពង្រីកឱកាសធុរកិច្ច និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធានការពង្រឹង និងពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងជំរុញកំណើនការនាំចេញប្រកបដោយចីរភាព៕


ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…