ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការងារជំរុញសហជីពពង្រឹងភាពជាដៃគូដើម្បីរក្សាបរិយាកាសការងារល្អ

KPS99TV

សេចក្តីសង្ខេប

ក្រសួងការងារបានអំពាវនាវឱ្យសហព័ន្ធសហជីពពង្រឹងភាពជាដៃគូជាមួយនិយោជក គោរពច្បាប់ និងការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ។ ក្នុងជំនួបថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបានជំរុញកិច្ចសន្ទនា ការដោះស្រាយវិវាទទាន់ពេល និងការផ្សព្វផ្សាយកម្មវិធីបណ្ដុះបណ្ដាលជំនាញ។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តពង្រឹងភាពជាដៃគូជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយប្រកាន់ខ្ជាប់ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ដើម្បីលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត រក្សាបរិយាកាសការងារល្អ និងរួមចំណែកទាក់ទាញការវិនិយោគ។

ការអំពាវនាវនេះ ធ្វើឡើងដោយឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីជួបសំណេះសំណាលប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ឯកឧត្តម ងុយ រិទ្ធ បានលើកឡើងថា កិច្ចសន្ទនាសង្គម គឺជាយន្តការសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និយោជក និងសហជីព ដោយបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ស្តាប់បញ្ហាប្រឈម និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីសហការ និងការយោគយល់គ្នាទៅវិញទៅមក។

ឯកឧត្តមបានបញ្ជាក់ថា ការជួបសំណេះសំណាលប្រចាំខែនេះ បានក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រសួង និងសហជីព ដើម្បីធានាការអនុវត្តច្បាប់ការងារ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់សាធារណជន យុវជន និងអ្នកមកពីគ្រួសារក្រីក្រ ឬងាយរងហានិភ័យ។ ក្នុងនោះ សហព័ន្ធសហជីពមានតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនាញ និងអាចបង្កើនប្រាក់ចំណូល។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យសហព័ន្ធសហជីព បន្តសហការជាមួយក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត ក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទការងារ រាយការណ៍បញ្ហាប្រឈម និងភាពមិនប្រក្រតីនៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ មុនពេលវិវាទរីករាលដាលទៅជាបាតុកម្ម ឬកូដកម្ម ដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំសហព័ន្ធសហជីព បានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ ទាក់ទាញការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…