បន្ទាប់ពីជួបប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួង ដើម្បីពិនិត្យនិងដោះស្រាយបញ្ហាកកស្ទះការផ្តល់សេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ នៅពេលនេះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត បានជំរុញឱ្យមានការកែលម្អចំណុចខ្វះខាតមួយចំនួននៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុកទាំង៦ និងមន្ទីរអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញឱ្យមានការកែលម្អចំណុចខ្វះខាតនៅរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុង-ស្រុក អង្គភាពក្រោមឱវាទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពីអភិបាលក្រុងស្រុក ប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាពផ្សេងទៀត នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ។
បើតាមលោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ រាយការណ៍ចេញពីលិខិតរបស់ក្រសួងអធិការកិច្ច បានកត់សម្គាល់ឃើញថា រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពទាំងអស់របស់ខេត្តព្រះសីហនុនៅមានភាពយឺតយ៉ាវក្នុងការផ្តល់សេវារដ្ឋបាលលើការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ សេវានៃវិស័យសាធារណការ និងដឹកជញ្ជូន សេវានៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សេវានៃវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី សេវានៃវិស័យឧសហ្សាកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សេវានៃវិស័យរ៉ែ និងថាមពល។ ពិសេសគឺមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាលើវិស័យសុខាភិបាល និងការផ្ទេរសិទ្ធិកាន់កាប់អចលវត្ថុដែលពុំទាន់ចុះបញ្ជីជាដើម។
ជុំវិញនឹងករណីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានជំរុញឱ្យរដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពទាំងអស់ត្រូវពន្លឿននិងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យបានទាន់ពេលវេលាតាមការកំណត់ក្នុងការផ្តល់សេវាទៅតាមវិស័យនីមួយៗ។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែកក្កដា រដ្ឋបាលខេត្តព្រះសីហនុ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំអន្តរក្រសួងរួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាកកស្ទះការផ្តល់សេវាសាធារណនៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ។ ក្នុងនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានលើកឡើងដែរថា អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ នៅពុំទាន់អាចផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលនោះឡើយ ជាពិសេសសេវាសុរិយោដី។ មូលហេតុដោយសារតែមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការដាក់ឯកសារ ពោលគឺចាប់ផ្តើមដាក់ឯកសារនៅច្រកតាំងពីដំណាក់កាលដំបូង ដោយឯកឧត្តម ពន្យល់ថា ប្រជាពលរដ្ឋយកឯកសារទាំងដុំមកដាក់នៅនឹងច្រក បន្ទាប់មកច្រកបានធ្វើដីកាបញ្ជូនទៅតាមក្រុងស្រុក ហើយក្រុងស្រុកក៏ត្រូវធ្វើការជាមួយឃុំសង្កាត់ជាបន្តបន្ទាប់ថែមទៀត ដែលនាំឱ្យសេវាសាធារណៈមួយចំនួនមានភាពយឺតយ៉ាវតែម្តង៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ចាន់ដា












