ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ជាពិសេសគ្រួសារកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិ។
ឯកឧត្តម អភិបាលខេត្តថ្លែងនេះក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព ឈ្មោះ យ៉េង កុកម៉េង ឋានន្តរស័ក្តិព្រិន្ទបាលឯក ខណៈភរិយាកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបុត្រឧត្តម ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកថវិកា និងអំណោយមួយចំនួនទៅប្រគល់ជូន ដើម្បីលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់ដល់គ្រួសារវីរកងទ័ព។
ឯកឧត្តម គួច ចំរើន ក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ ដោយជូនពរឱ្យម្តាយ និងទារកមានសុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តតាមដាន និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងកម្លាំងនៅមូលដ្ឋាន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរយ៉ាងទាន់ពេលវេលា៕
ដោយ៖ ប៉ៃ សុឃីម









