ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទូតកម្ពុជាឆ្លើយតបនឹងអត្ថបទរបស់ Nikkei Asia ដែលថាលទ្ធិប្រជាធិបតេយ្យកម្ពុជាបានស្លាប់បន្តិច ម្តងៗបន្ទាប់ពីការធ្វើឃាតលោកកែម ឡី

KPS99TV

សេចក្តីសង្ខេប

ស្ថានទូតកម្ពុជាប្រចាំជប៉ុនបានចេញសេចក្ដីថ្លែងការណ៍ថ្ងៃទី១៤ ខែកក្កដា ឆ្លើយតបអត្ថបទ Nikkei Asia របស់លោកស្រី មូរ សុខហួរ ចុះថ្ងៃទី១៣ ខែកក្កដា។ ស្ថានទូតមិនយល់ស្របនឹងសេចក្ដីសន្និដ្ឋានស្ដីពីលទ្ធិប្រជាធិបតេយ្យ និងបង្ហាញជំហរអំពីស្ថាប័ន ការអភិវឌ្ឍ នីតិវិធីច្បាប់ និងទំនាក់ទំនងបរទេស។

កាលពីថ្ងៃទី១៣ ខែកក្កដា សារព័ត៌មានជប៉ុន Nikkei Asia បានចុះផ្សាយអត្ថបទមួយរបស់លោកស្រី មូរ សុខហួរ ដែលដាក់ចំណងជើងថា «លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាបានស្លាប់បន្តិចម្តងៗ បន្ទាប់ពីការធ្វើឃាតលោក កែម ឡី»។ ជុំវិញនឹងអត្ថបទនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានកត់សម្គាល់ថា អត្ថបទនេះជាការឆ្លុះបញ្ចាំងពីទស្សនៈនយោបាយផ្ទាល់ខ្លួនរបស់អ្នកនិពន្ធដែលជាអតីតអ្នកនយោបាយប្រឆាំងមួយរូបចេញពីក្រៅប្រទេសអស់រយៈជាច្រើនឆ្នាំ និងជាការបញ្ចេញមតិនយោបាយមួយមិនមែនជាការវាយតម្លៃប្រកបដោយសត្យានុម័យចំពោះស្ថានភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ននោះឡើយ។

បើតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចេញនៅថ្ងៃទី១៤ ខែកក្កដា បានបញ្ជាក់ថា ស្ថានទូតមិនយល់ស្របចំពោះសេចក្តីសន្និដ្ឋានសំខាន់ៗដែលមាននៅក្នុងអត្ថបទនេះទេ។ អត្ថបទបាន បង្ហាញតែការបកស្រាយមួយជ្រុងអំពីការអភិវឌ្ឍនយោបាយរបស់កម្ពុជានិងបានមើលរំលងនូវអង្គហេតុសំខាន់ៗទាក់ទងនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងសង្គម ការពង្រឹងស្ថាប័នរដ្ឋ និងការចូលរួមប្រកបដោយការស្ថាបនាជាមួយសហគមន៍អន្តរជាតិរបស់កម្ពុជា។

ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ យោងតាមធនាគារពិភពលោក កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេមួយនៅលើពិភពលោក មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បន្តវាយតម្លៃវិជ្ជមានចំពោះភាពធន់នៃសេដ្ឋកិច្ចកម្ពុជា និងទស្សនវិស័យកំណើនរបស់ប្រទេសផងដែរ។ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ទទួលបានផលប្រយោជន៍ពីការកើនឡើងនៃកម្រិតជីវភាព ការពង្រីកឱកាសទទួលបានការអប់រំ និងសេវាសុខាភិបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប ការពង្រីកបណ្តាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការពង្រឹងប្រព័ន្ធគាំពារសង្គម។

សមិទ្ធផលទាំងនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោយសារ កម្ពុជាថែរក្សាបាននូវអ្វីដែលប្រជាជនខ្លួនផ្តល់តម្លៃខ្ពស់បំផុត បន្ទាប់ពីឆ្លងកាត់សង្គ្រាមនិងជម្លោះអស់ជាច្រើនទសវត្សរ៍គឺ សន្តិភាព ស្ថិរភាពនយោបាយ ការផ្សះផ្សាជាតិ និងគោលនយោបាយអភិវឌ្ឍន៍ដែលផ្តោតលើ ប្រជាជន។ កត្តាទាំងនេះគឺជាផ្នែកដ៏សំខាន់នៃភាពជាក់ស្តែងរបស់កម្ពុជានាពេលបច្ចុប្បន្ន និងគួរត្រូវបាន ពិចារណាស្មើភាពគ្នាជាមួយការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកនយោបាយ។

អត្ថបទបានអះអាងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាលែងមានទៀតហើយ។ ការវាយតម្លៃបែបនេះ ត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន កត់សម្គាល់ឃើញថា មិនមានតុល្យភាព និងមិនឆ្លុះបញ្ចាំងការពិតនោះទេ។ មិនមានតុល្យភាព ដោយសារកម្ពុជានៅតែបន្តអនុវត្តប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមានស្ថាប័នរដ្ឋដំណើរការជាប្រក្រតី ដំណើរការបោះឆ្នោតតាមកាលកំណត់ និងការកែទម្រង់ជាបន្ត បន្ទាប់ក្នុងការលើកកម្ពស់អភិបាលកិច្ច ការគ្រប់គ្រងរដ្ឋបាលសាធារណៈ រដ្ឋាភិបាលឌីជីថល សមត្ថភាព ប្រព័ន្ធយុត្តិធម៌ និងការផ្តល់សេវាសាធារណៈ។

ស្ថានទូតកម្ពុជា បញ្ជាក់ថា ដូចប្រទេសដទៃទៀតដែរ កម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ហើយរាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តដោះស្រាយបញ្ហាទាំងនោះស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។លទ្ធិប្រជាធិបតេយ្យមិនអាចវាស់វែងត្រឹមតែតាមជោគវាសនានយោបាយរបស់គណបក្សនយោបាយណាមួយ ឬបុគ្គលណាម្នាក់ឡើយ។

ផ្ទុយទៅវិញ វាគួរត្រូវបានវាយតម្លៃផងដែរ តាមរយៈសមត្ថភាពរបស់រដ្ឋក្នុងការថែរក្សា សន្តិភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពង្រីកឱកាសសេដ្ឋកិច្ច ពង្រឹងស្ថាប័នសាធារណៈ និងធានាការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវបានកំណត់ដោយប្រវត្តិសាស្ត្ររបស់ខ្លួន ក្របខណ្ឌរដ្ឋធម្មនុញ្ញ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។

ស្ថានទូតក៏សូមកត់សម្គាល់ផងដែរថា អត្ថបទនេះបានលើកឡើងអំពីនីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងអតីតអ្នកនយោបាយមួយចំនួន ដោយមិនបានបង្ហាញពីបរិបទផ្នែកច្បាប់ទាំងមូល។ ដូចរដ្ឋអធិបតេយ្យដទៃទៀត ដែលប្រកាន់ខ្ជាប់នូវគោលការណ៍នីតិរដ្ឋ កម្ពុជាអនុវត្តច្បាប់តាមរយៈស្ថាប័នតុលាការដែលមានសមត្ថកិច្ច ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។ ការមាននិន្នាការនយោបាយ ឬមុខតំណែងសាធារណៈ មិនមែនជាមូលហេតុដែលអាចលើកលែងបុគ្គលណាម្នាក់ពីការទទួលខុសត្រូវតាមផ្លូវច្បាប់នោះឡើយ។ ដូចប្រទេសដទៃទៀតដែរ សេចក្តីសម្រេចរបស់តុលាការអាចត្រូវបានពិភាក្សា ឬរិះគន់ ប៉ុន្តែមិនគួរត្រូវបានបកស្រាយ ដោយស្វ័យប្រវត្តិថា ជាភស្តុតាងបញ្ជាក់ថាប្រព័ន្ធអភិបាលកិច្ចតាមរដ្ឋធម្មនុញ្ញលែងដំណើរការនោះទេ។

ជាមួយគ្នានេះ អត្ថបទក៏បានបង្ហាញអំពីទំនាក់ទំនងការបរទេសរបស់កម្ពុជា តាមរយៈទស្សនៈភូមិសាស្ត្រនយោបាយដ៏ចង្អៀតមួយ។ ការបង្ហាញបែបនេះ ត្រូវបានស្ថានទូតបញ្ជាក់ថា មិនឆ្លុះបញ្ចាំងពីការពិតឡើយ។ ទន្ទឹនឹងនេះ កម្ពុជានៅតែបន្តរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន។ ក្នុងនាមជាសមាជិកសកម្មរបស់អាស៊ាន និងអង្គការសហប្រជាជាតិ កម្ពុជា ប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើគោលការណ៍អធិបតេយ្យភាព ការគោរពគ្នា ទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ មិត្តភាពរបស់កម្ពុជា ជាមួយប្រទេសណាមួយ មិនដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតឡើយ។

ស្ថានទូតកម្ពុជា បានស្វាគមន៍ចំពោះការរិះគន់ក្នុងន័យស្ថាបនា ដែលផ្អែកលើអង្គហេតុ និងធ្វើឡើងដោយសុចរិតភាព។ ប៉ុន្តែ ការបង្ហាញរូបភាពកម្ពុជាដោយផ្តោតតែទៅលើភាពខ្វែងគំនិតផ្នែកនយោបាយ ខណៈមើលរំលងវឌ្ឍនភាពជាក់ស្តែង សមត្ថភាពរបស់ស្ថាប័ន និងសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេស គឺផ្តល់ឱ្យសាធារណជនអន្តរជាតិនូវទស្សនភាពមិនពេញលេញអំពីកម្ពុជា។ កម្ពុជាជាប្រទេសដែលមានប្រជាជនជាង ១៧ លាននាក់ ហើយអនាគតរបស់ប្រទេសមិនអាច ត្រូវបានវាយតម្លៃតាមរយៈទស្សនៈរបស់តួអង្គនយោបាយមួយចំនួនតូចប៉ុណ្ណោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង បរិយាបន្ន ពង្រឹងស្ថាប័នសាធារណៈ លើកកម្ពស់អភិបាលកិច្ច ជំរុញការអនុវត្តនីតិរដ្ឋ ការពារសុខុមាលភាព របស់ប្រជាពលរដ្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិទាំងអស់ ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក និងសមភាពអធិបតេយ្យ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…