បាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែបានបន្តហក់ឡើងយ៉ាងឆាប់រហ័ស ដោយកម្រិតទឹកបានឈានដល់ ១៣,១០ ម៉ែត្រ គិតត្រឹមម៉ោងជាង ១០:០០ ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ខណៈដែលកាលពីថ្ងៃមុន កម្រិតទឹកមានត្រឹមជាង ១២ ម៉ែត្រ ប៉ុណ្ណោះ។
យោងតាមព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឱ្យដឹងថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងដល់ ១៣,៥០ ម៉ែត្រ ដែលនៅសល់ត្រឹម ២០ សង់ទីម៉ែត្រ ប៉ុណ្ណោះពីកម្រិតប្រកាសអាសន្ន ១៣,៧០ ម៉ែត្រ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការកើនឡើងនៃកម្ពស់ទឹកនេះ កើតឡើងបន្ទាប់ពីការបើកទ្វារទឹកនៅទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលកកស្ទះក្នុងស្ទឹង ឱ្យហូរចូលទៅកាន់បឹងទន្លេសាប។ការបញ្ចេញទឹកនេះបានធ្វើឱ្យកម្រិតទឹកនៅស្ទឹងសង្កែកើនឡើងខ្លាំង និងមានល្បឿនហូរខ្លាំងជាងមុន។
អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ជាពិសេសនៅតំបន់ខាងក្រោមទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារកម្លាំងទឹកហូរអាចមានសន្ទុះខ្លាំងក្នុងអំឡុងពេលបញ្ចេញទឹក មុនពេលស្ថានភាពទឹកចាប់ផ្តើមស្រកវិញ។
អាជ្ញាធរក៏បានណែនាំឱ្យប្រជាពលរដ្ឋតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងជាបន្តបន្ទាប់ពីស្ថាប័នជំនាញ ដើម្បីត្រៀមវិធានការបង្ការ និងធានាសុវត្ថិភាពទ្រព្យសម្បត្តិ និងអាយុជីវិត៕
ដោយ៖ KPS99TV













