ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋមកពីសង្កាត់ទាំង៤ មន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផុន សុភក្ត្រ សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ និងលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ក្នុងគោលបំណងផ្សព្វផ្សាយលទ្ធផលការងាររបស់រដ្ឋបាលក្រុង និងស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមពីប្រជាពលរដ្ឋ ដើម្បីដាក់ចេញដំណោះស្រាយសមស្រប និងទាន់ពេលវេលា។
ក្នុងវេទិកា ប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរពាក់ព័ន្ធនឹងការជួសជុលផ្លូវ កែលម្អប្រព័ន្ធលូរំដោះទឹក ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ បង្ការ និងបង្ក្រាបគ្រឿងញៀន ព្រមទាំងការគ្រប់គ្រងសំរាម និងអនាម័យបរិស្ថានក្នុងក្រុង។
ឆ្លើយតបនឹងសំណូមពរទាំងនេះ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានបញ្ជាក់ថា រដ្ឋបាលក្រុងទទួលយកសំណូមពរនិងបញ្ហាប្រឈមនានាហើយបញ្ហាខ្លះលោកដោះស្រាយនៅក្នុងកម្មពិធីនឹងផ្តល់អាទិភាពដោះស្រាយបញ្ហាបន្ទាន់ជាមុន ខណៈសំណូមពរផ្សេងៗនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ស្របតាមផែនការ និងលទ្ធភាពជាក់ស្តែង។ លោកអភិបាលក្រុងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិង សហការផ្តល់ព័ត៌មានអំពីបទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ដូចជា អំពើលួច ឆក់ ក្មេងទំនើង ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អំពើហិង្សា ល្បែងស៊ីសង និងទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីឱ្យសមត្ថកិច្ចអាចចាត់វិធានការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា។
លោកអភិបាលក្រុងក៏បានអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរនៅតាមតំបន់ទេសចរណ៍ ឱ្យរួមគ្នារក្សាអនាម័យ និងសោភ័ណភាពទីក្រុង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
មានប្រសាសន៍ក្នុងពិធីបិទវេទិកា លោក ផុន សុភក្ត្រ សមាជិកក្រុមប្រឹក្សាក្រុងព្រះសីហនុ បានថ្លែងអំណរគុណចំពោះអង្គវេទិកាទាំងមូល ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរមតិយោបល់ លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ព្រមទាំងទទួលបានការបកស្រាយពីស្ថាប័នពាក់ព័ន្ធ ធ្វើឱ្យវេទិកាប្រព្រឹត្តទៅដោយជោគជ័យ។
លោកបានបញ្ជាក់ថា វេទិកានេះបានឆ្លុះបញ្ចាំងពីគោលការណ៍គណនេយ្យភាព និងតម្លាភាពរបស់រដ្ឋបាលក្រុង ក្នុងការផ្សព្វផ្សាយលទ្ធផលការងារ ទិសដៅអភិវឌ្ឍន៍ និងការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងក៏បានទទួលយកមតិយោបល់ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបន្តដោះស្រាយ និងកែលម្អការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា
























