(សៀមរាប)៖ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានពិនិត្យឃើញថា សារព័ត៌មាន Khaosod English បានចុះផ្សាយនូវអត្ថបទមួយ មានចំណងជើងថា «Angkor Wat bans inauthentic Khmer costumes» ដែលប្រាសចាកពីការពិត ខ្លឹមសារ និងគោលបំណងដើមនៃការទៅចុះអប់រំណែនាំ និងបណ្តុះបណ្តាលអាជីវករ ឱ្យយល់ដឹងកាន់តែច្បាស់ និងចូលរួមចំណែកក្នុងការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ថែរក្សា និងលើកតម្លៃនូវសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាអត្តសញ្ញាណជាតិ និងជាបេតិកភណ្ឌអរូបីនៅក្នុងតំបន់អង្គរ បេតិកភណ្ឌពិភពលោក។
អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា កិច្ចការពារវប្បធម៌ខ្មែរជាកាតព្វកិច្ចរួមគ្មានទីបញ្ចប់ ដែលត្រូវការកិច្ចសហការអន្តរវិស័យរវាងស្ថាប័នរដ្ឋ (នគរបាល ក្រសួងពាក់ព័ន្ធ) និងវិស័យឯកជន។ តាំងពីឆ្នាំ២០១៦មក អាជ្ញាធរជាតិអប្សរាបានដាក់ចេញក្រមប្រតិបត្តិអង្គរ ដើម្បីណែនាំការស្លៀកពាក់ឱ្យសមរម្យនៅក្នុងទីសក្ការៈអង្គរ និងសុវត្ថិភាពភ្ញៀវទេសចរផងដែរ។ សម្លៀកបំពាក់បុរាណខ្មែរ មានអត្តសញ្ញាណ និងលក្ខណៈពិសេសច្បាស់លាស់ មានឯកសារស្រាវជ្រាវត្រឹមត្រូវ ដែលអាចរកបាននៅក្រសួង/មន្ទីរវប្បធម៌ សារមន្ទីរជាតិ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា។
រីឯការចុះផ្សព្វផ្សាយ និងតម្រង់ទិសពីការស្លៀកពាក់ និងការទស្សនានៅរមណីយដ្ឋានអង្គរ គឺដើម្បីរក្សាតម្លៃដើម បង្កើនមោទនភាពជាតិ និងគោរពដល់ទីសក្ការៈ។ អាជីវករមានសិទ្ធិសេរីភាពក្នុងការប្រកបអាជីវកម្ម ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរាមានភារកិច្ចជួយតម្រង់ទិសឱ្យមានការចូលរួម កុំឱ្យលក់ផលិតផលខ្វះគុណភាព តម្លៃខ្ពស់ហួសហេតុ ឬសម្លៀកបំពាក់ជួល/លក់ខុសទម្រង់ដើម។ រាល់ការទស្សនាដោយស្លៀកពាក់សមរម្យ (ទាំងបែបសម័យ ឬបុរាណ) សុទ្ធតែបង្ហាញពីការគោរពដូនតា និងបេតិកភណ្ឌជាតិ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ដោយ៖ ធី លីថូ








