ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
ការអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ កិច្ចប្រជុំឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដោយផ្តោតលើការពិភាក្សា និងតាមដានការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាភូមិសាស្ត្រនយោបាយ សន្តិសុខ និងបញ្ហាតំបន់-អន្តរជាតិ ដែលជាក្តីកង្វល់រួម។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អស់រយៈពេល៥ទសវត្សរ៍កន្លងមក។
ក្រៅពីកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ សន្និសីទលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន ព្រមទាំងជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស និងថ្នាក់ដឹកនាំនៃប្រទេសជាដៃគូនានា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
ដោយ៖ ប៉ៃ សុឃីម










