ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តកំពង់ស្ពឺទទួលអំណោយឱសថនិងសម្ភារប្រើប្រាស់តម្លៃប្រមាណ៦០ម៉ឺនដុល្លារពីមូលនិធិកូរ៉េ

KPS99TV

សេចក្តីសង្ខេប

រដ្ឋបាលខេត្តកំពង់ស្ពឺបានទទួលអំណោយឱសថនិងសម្ភារប្រើប្រាស់តម្លៃប្រមាណ៦០ម៉ឺនដុល្លារ ពីមូលនិធិកូរ៉េ តាមរយៈសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីប្រគល់ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ហើយអំណោយនឹងផ្ដល់បន្តទៅមន្ទីរសុខាភិបាលខេត្តតាមតម្រូវការជាក់ស្ដែង។

មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់អំណោយជាឱសថនិងសម្ភារប្រើប្រាស់តម្លៃប្រមាណ៦០ម៉ឺនដុល្លារជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពិធីប្រគល់និងទទួលនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ អំណោយមនុស្សធម៌ទាំងនេះគឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ។

‎

‎ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងដឹងគុណបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភឱសថ និងសម្ភារប្រើប្រាស់ តាមរយៈ ឯកឧត្តមប្រធានគណៈកម្មការទី១០ ដោយទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តកំពង់ស្ពឺ លើវិស័យសំខាន់ៗ ទាំងផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម និងសមិទ្ធផលអភិវឌ្ឍន៍នានា ដែលកំពុងមានការរីកចម្រើនយ៉ាងសកម្ម និងខ្លាំងក្លានាពេលបច្ចុប្បន្ន។

‎

‎ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់ថា ការប្រគល់ឱសថ និងសម្ភារៈនាពេលនេះ គឺដើម្បីផ្តល់បន្តជូនទៅមន្ទីរសុខាភិបាលខេត្ត សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ស្របតាមតម្រូវការជាក់ស្តែង។ ជំនួយឱសថទាំងនេះរួមមានថ្នាំពេទ្យច្រើនប្រភេទ ដែលមានតម្លៃសរុបទឹកប្រាក់ ៦០ម៉ឺនដុល្លារអាមេរិក សម្រាប់បម្រើឱ្យសេវាសុខាភិបាល និងប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

‎

‎ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌នៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្ត ជាម ច័ន្ទសោភ័ណ ដែលបានធ្វើឱ្យខេត្តមួយនេះប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងលឿនរហ័ស៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…