ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសមាជិកនៃ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបាន ២៤,៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២៦ កើនឡើង ២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលបង្ហាញពីសន្ទុះរីកចម្រើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារតំបន់។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាន នាំចេញទំនិញ ទៅកាន់ប្រទេសសមាជិក RCEP ក្នុងទំហំទឹកប្រាក់ ៥,៦៣ពាន់លានដុល្លារ កើនឡើង ១១,៨ភាគរយ ខណៈ ការនាំចូល មានតម្លៃ ១៨,៨ពាន់លានដុល្លារ កើនឡើង ២៨ភាគរយ។
របាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារ RCEP នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជា ដោយមានចំណែក ជិត ៦៤ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលសម្រេចបាន ៣៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូងឆ្នាំនេះ។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាក្នុងប្លុក RCEP រួមមាន ចិន វៀតណាម សិង្ហបុរី និងជប៉ុន ដែលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរទំនិញ និងការវិនិយោគរវាងកម្ពុជា និងតំបន់។
កំណើនពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP ក្នុងការពង្រីកទីផ្សារនាំចេញ បង្កើនភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានចាប់ពីឆ្នាំ២០២២ ដោយមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសអាស៊ានទាំង ១០ (លើកលែងទីម័រឡេស្តេ) និងដៃគូពាណិជ្ជកម្មធំៗចំនួន ៥ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានបង្កើតជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយនៅលើពិភពលោក៕
ដោយ៖ ប៉ៃ សុឃីម









