ខេត្តព្រះសីហនុ៖ សមាគមសណ្ឋាគារកម្ពុជា សាខាខេត្តព្រះសីហនុ និងប្រជុំកោះ (CHA-SHV & Islands) បានរៀបចំវេទិកាពិភាក្សាអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំសណ្ឋាគារ រមណីយដ្ឋាន ម្ចាស់អាជីវកម្ម និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាវិភាគបញ្ហាប្រឈមក្នុងរដូវភ្ញៀវតិច ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកដំណោះស្រាយរួម សំដៅពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យបដិសណ្ឋារកិច្ចនៅខេត្តព្រះសីហនុ។ វេទិកានេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Won Majestic។
លោក ចាន់ សុភា ប្រធានសមាគមសណ្ឋាគារកម្ពុជា សាខាខេត្តព្រះសីហនុ និងប្រជុំកោះ បានមានប្រសាសន៍ថា សមាគមតែងរៀបចំកិច្ចប្រជុំរៀងរាល់៣ខែម្តង ដើម្បីវាយតម្លៃស្ថានភាពអាជីវកម្ម និងសម្របសម្រួលកិច្ចសហការរវាងសមាជិក។ លោកបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចបានរងផលប៉ះពាល់ពីកត្តាសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ដែលទាមទារឱ្យប្រតិបត្តិកររួមគ្នារក្សាធនធានមនុស្ស លើកកម្ពស់ការបណ្តុះបណ្តាល និងបន្តអភិវឌ្ឍគុណភាពសេវាកម្ម ដើម្បីត្រៀមទទួលកំណើនភ្ញៀវទេសចរនាពេលខាងមុខ។
លោកបន្ថែមថា វេទិកានេះមានការចូលរួមពីម្ចាស់សណ្ឋាគារជាង ៥៣សណ្ឋាគារ រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្ម។ សមាគមក៏បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញទេសចរណ៍បៃតង និងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដែលត្រូវបានរំពឹងថានឹងជួយបង្កើនលំហូរភ្ញៀវអន្តរជាតិមកកាន់កម្ពុជា។
លោកក៏បានជូនដំណឹងថា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ខេត្តព្រះសីហនុនឹងទទួលស្វាគមន៍ប្រតិភូមកពី១៦ រាជធានី-ខេត្ត មកទស្សនកិច្ច និងសិក្សាសក្តានុពលទេសចរណ៍។ លោកបានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រៀមខ្លួនផ្តល់សេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អ ដើម្បីពង្រឹងភាពទាក់ទាញរបស់ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ឆ្នើមរបស់កម្ពុជា។
ជាមួយគ្នានេះ លោក សុខុម សំអុល នាយកប្រតិបត្តិនៃសមាគមក្លឹបទេសចរណ៍សៀមរាប បានមានប្រសាសន៍ថា ការចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាស និងការចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមសណ្ឋាគារខេត្តព្រះសីហនុ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហការរវាងគោលដៅទេសចរណ៍សំខាន់ទាំងពីរ។ កិច្ចសហការនេះផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលសិក្ខាកាមក្នុងវិស័យបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មដែលកំពុងកើនឡើងនៅខេត្តព្រះសីហនុ ក្នុងនាមជាគោលដៅទេសចរណ៍ដ៏សំខាន់បន្ទាប់ពីខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក Chen Ling នាយកប្រតិបត្តិស្តីទី KPS99TV បានធ្វើបទបង្ហាញក្រោមប្រធានបទ «ការចូលទៅកាន់ទីផ្សារទេសចរចិន» ដោយណែនាំយុទ្ធសាស្ត្រផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខេត្តព្រះសីហនុទៅកាន់ទីផ្សារចិន តាមរយៈផែនទីទេសចរណ៍ជាភាសាចិន ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញសង្គមដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសចិន។
លោកបានបញ្ជាក់ថា KPS99TV កំពុងអភិវឌ្ឍ Information Map ដើម្បីផ្សព្វផ្សាយសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មទេសចរណ៍ផ្សេងៗ ដោយបង្ហាញទីតាំង ភូមិសាស្ត្រ និងសក្តានុពលទេសចរណ៍របស់ខេត្តយ៉ាងច្បាស់លាស់។ លោកក៏បានអញ្ជើញប្រតិបត្តិករ និងម្ចាស់អាជីវកម្មចូលរួមសហការផ្សព្វផ្សាយផលិតផល និងសេវាកម្មតាមរយៈបណ្តាញរបស់ KPS99TV ដើម្បីរួមចំណែកពង្រីកទីផ្សារទេសចរណ៍ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត





















