(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឈុន មករា អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក (Plastic-Free Tourism Zone) ក្នុងរាជធានីភ្នំពេញ» នៅទីស្តីការក្រសួង។
សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍, តំណាងរដ្ឋបាលរាជធានីភ្នំពេញ, តំណាងអង្គការ UNDP ប្រចាំកម្ពុជា, អាជ្ញាធរដែនដី (អភិបាលរងខណ្ឌ និងចៅសង្កាត់) ព្រមទាំងម្ចាស់អាជីវកម្មទេសចរណ៍យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម ឈុន មករា បានថ្លែងថា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការរុញច្រានសេដ្ឋកិច្ចចក្រា (Circular Economy) និងការអភិវឌ្ឍប្រកបដោយចីរភាព គាំទ្រយុទ្ធនាការរដូវកាលបៃតង ការរៀបចំតំបន់ទេសចរណ៍គ្មានប្លាស្ទិក គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់យុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង (Visit Cambodia in Green Season)» និងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ដើម្បីលើកកម្ពស់សោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយក ក៏បានសម្ដែងនូវការលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់គ្រប់គ្រងរមណីយដ្ឋាន និងអាជីវករទាំងអស់ រួមដៃគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមទីក្រុង និងតាមដងទន្លេ (មេគង្គ ទន្លេសាប និងទន្លេបាសាក់) ដើម្បីប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍បៃតង និងមានគុណភាពខ្ពស់៕
ដោយ៖ ធី លីថូ









