រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានថ្លែងប្រាប់អង្គប្រជុំនៃនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហារដែលជាសម្បត្កិបេតិកភណ្ឌពិភពលោកទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្នុងសម័យប្រជុំលើកទី៤៨ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៩ដល់ថ្ងៃទី២៩ ខែកក្កដា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបជូនអង្គប្រជុំថា ការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យបេតិកភណ្ឌពិភពលោកនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់តម្លៃលេចធ្លោជាសកល (Outstanding Universal Value - OUV) សុក្រឹតភាព (Integrity) និងយថាភាព (Authenticity) របស់រមណីយដ្ឋាន។ រចនាសម្ព័ន្ធប្រាសាទបានរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយផ្ទាល់ ខណៈដែលសហគមន៍មូលដ្ឋាន នៅតែត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ និងមិនអាចចូលទៅកាន់ទីសក្ការបូជាដែលជាផ្នែកមួយនៃបេតិកភណ្ឌ វប្បធម៌ ប្រពៃណី សាសនា និងអត្តសញ្ញាណរបស់ពួកគេបានជាធម្មតានៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងវប្បធម៌កម្ពុជា នៅថ្ងៃទី២២ ខែកក្កដានេះ។
លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ICOMOS និងដៃគូអន្តរជាតិទាំងអស់ ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ កម្ពុជា បានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះប្រាសាទ ព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ជាពិសេសការបញ្ជូនបេសកកម្មប្រឹក្សារួមរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងICOMOS ដែលបានអនុវត្តនៅខែមីនា ឆ្នាំ២០២៦ តាមការ អញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបន្ទាន់សម្រាប់បេតិកភណ្ឌ របស់អង្គការយូណេស្កូ (UNESCO Heritage Emergency Fund) និងដៃគូអន្តរជាតិផ្សេងទៀត កម្ពុជាបានអនុវត្ត វិធានការបន្ទាន់ជាច្រើន រួមមានការបោសសម្អាតគ្រាប់បែកចង្កោម និងបំណែកគ្រាប់កាំភ្លើងធំ ការរៀបចំឯកសារ 3D នៃប្រាសាទ ការការពារសំណង់ដែលងាយរងគ្រោះ និងការចុះបញ្ជី ព្រមទាំងរៀបចំឯកសារបំណែកស្ថាបត្យកម្មនានា ដើម្បីគាំទ្រដល់ការងារអភិរក្ស និងជួសជុលឡើងវិញនាពេលអនាគត។
លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនអាចសម្រេចបានពេញលេញឡើយ ដរាបណាការគំរាមកំហែងចំពោះរមណីយដ្ឋាននៅតែបន្តមាន។ គណៈប្រតិភូកម្ពុជា បាន ទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការចំពោះការបន្តវត្តមានរបស់កងកម្លាំងយោធាថៃនៅតំបន់ជុំវិញ ក្បែរប្រាសាទព្រះវិហារ ព្រមទាំងសកម្មភាពឯកតោភាគីដទៃទៀតដែលប៉ះពាល់ដល់បេតិកភណ្ឌវប្បធម៌ខ្មែរនៅក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ដែលបង្កហានិភ័យនៃការខូចខាតបន្ថែមទៀត និងឆ្លុះបញ្ចាំងពីចេតនាបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នៅលើដី។
លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រទេសថៃគោរពច្បាប់អន្តរជាតិ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះបញ្ហាព្រំដែន តាមរយៈគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ស្របតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាបានស្នើសុំឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរមណីយដ្ឋាន បន្តគាំទ្រការងារអភិរក្ស និងស្តារឡើងវិញជាបន្ទាន់ និងបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការគោរពអនុសញ្ញាអន្តរជាតិស្តីពីការការពារបេតិកភណ្ឌវប្បធម៌។
លោកជំទាវ ភឿង សកុណា បានគូសបញ្ជាក់ថា សោកនាដកម្មដែលបាន កើតឡើងចំពោះប្រាសាទព្រះវិហារ គឺជាការរំលឹកដល់សហគមន៍អន្តរជាតិថា ការការពារបេតិកភណ្ឌពិភពលោក គឺជាការការពារសន្តិភាព កិច្ចសន្ទនា និងការទទួលខុសត្រូវរួមរបស់មនុស្សជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត
















