ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម សុទ្ធ គឹមកុលមុនី ចុះតាមដានផលប៉ះពាល់ស្រូវរដូវវស្សា និងជំរុញការអន្តរាគមន៍ផ្គត់ផ្គង់ទឹកនៅខេត្តបាត់ដំបង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ត្រីបានចុះពិនិត្យផលប៉ះពាល់ស្រូវរដូវវស្សា និងការអន្តរាគមន៍ផ្គត់ផ្គង់ទឹកនៅខេត្តបាត់ដំបង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយជំរុញការសហការបែងចែក និងបង្វែរទឹកឱ្យទៅដល់ចុងប្រឡាយ និងស្រែខ្វះទឹក។

អនុវត្តតាមអនុសាសន៍ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គ.ជ.គ.ម. រួមជាមួយលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យ តាមដាន និងវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវរដូវវស្សា ព្រមទាំងពិនិត្យការអន្តរាគមន៍ផ្គត់ផ្គង់ទឹកជូនប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង។

បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការអនុវត្តវិធានការអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានជំរុញឱ្យអាជ្ញាធរខេត្ត មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ សហការគ្នាតាមដានស្ថានភាពទឹកជាប្រចាំ ដោយរៀបចំការបែងចែក បិទ និងរុញទឹកឱ្យហូរទៅដល់ចុងប្រឡាយ ដើម្បីធានាថាប្រជាកសិករទទួលបានទឹកសម្រាប់សង្គ្រោះដំណាំស្រូវ។

ជាក់ស្តែង ប្រជាពលរដ្ឋ និងប្រជាកសិករ បានចូលរួមសហការយ៉ាងសកម្មក្នុងការរៀបចំ និងបង្វែរប្រភពទឹក តាមការណែនាំរបស់អាជ្ញាធរ និងក្រុមការងារជំនាញ ដែលបានជួយឱ្យទឹកអាចហូរទៅដល់តំបន់ចុងប្រឡាយ និងស្រែដែលកំពុងប្រឈមការខ្វះខាតទឹក។

ក្នុងឱកាសនោះ ប្រជាកសិករក៏បានសម្តែងនូវការអរគុណចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានដឹកនាំ និងសម្របសម្រួលកិច្ចអន្តរាគមន៍ជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាការផ្គត់ផ្គង់ទឹកជួយសង្គ្រោះដំណាំស្រូវ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តវិធានការចែកចាយទឹក និងអន្តរាគមន៍សង្គ្រោះដំណាំស្រូវ ដើម្បីរក្សាទិន្នផល និងកាត់បន្ថយផលប៉ះពាល់ពីការខ្វះខាតទឹកក្នុងរដូវវស្សា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…