ភ្នំពេញ៖ ក្នុងឱកាសខួបមួយឆ្នាំនៃការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ទូរទស្សន៍អន្តរជាតិ Bloomberg TV បានរៀបចំកម្មវិធីផ្សាយពិសេសស្តីពីកម្ពុជា ដោយផ្សាយផ្ទាល់ពីទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីបង្ហាញពីទស្សនវិស័យ និងការអភិវឌ្ឍរបស់ប្រទេស ទៅកាន់ទស្សនិកជនអន្តរជាតិ។
កម្មវិធីពិសេសនេះ រួមមានបទសម្ភាសន៍សំខាន់ៗចំនួន៤ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ការពិភាក្សានឹងផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមានស្ថានភាពព្រំដែនកម្ពុជា-ថៃ ករណីកងទ័ពថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ បញ្ហាទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការផ្នែកថាមពល ឱកាសវិនិយោគ ពាណិជ្ជកម្ម និងគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
កម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយក្នុងការផ្សព្វផ្សាយសំឡេងរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ពិសេសជុំវិញបញ្ហាអធិបតេយ្យភាពជាតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ដោយ៖ KPS99TV








