ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី-ខេត្តផ្សេងៗជាច្រើនទៀត។
ចំណែក របៀបវារៈទាំង៣ ដែលត្រូវលើកយកមកពិភាក្សា និងឆ្លងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលនេះ រួមមាន៖
១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបញ្ហាផ្សេងៗ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ឡាយ ចាន់ដា












