រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈគ្រូពេទ្យកម្ពុជា ជំរុញការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល និងកសាងទំនុកចិត្តប្រជាពលរដ្ឋ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១២ ខេត្តព្រះសីហនុត្រូវបានរៀបចំឡើងដោយគណៈគ្រូពេទ្យកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងគុណភាពសេវាសុខាភិបាល សំដៅធានាសុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះវិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជា។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តនិងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយលោក លោកស្រីវិជ្ជបណ្ឌិតនិងគណៈគ្រូពេទ្យជាច្រើនបានចូលរួមនាព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦នៅសណ្ឋាគារឯករាជ្យ។

មានប្រសាសន៍ក្នុងពិធីនេះ លោកវិជ្ជបណ្ឌិត លិ គឹមហ៊ួរ ប្រធានគណៈគ្រូពេទ្យខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍អំពីលទ្ធផលការងារសំខាន់ៗ រួមមាន ការរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ច ការផ្សព្វផ្សាយបទបញ្ជា និងសេចក្តីណែនាំថ្មីៗរបស់គណៈគ្រូពេទ្យកម្ពុជា ការរៀបចំកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការចុះត្រួតពិនិត្យការចុះបញ្ជីសមាជិក និងការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ការតាមដានការបន្តសុពលភាពអាជ្ញាបណ្ណ ការពង្រឹងការអនុវត្តវិជ្ជាជីវៈនៅតាមស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន ព្រមទាំងការចូលរួមដោះស្រាយបញ្ហាវិជ្ជាជីវៈសុខាភិបាលប្រកបដោយប្រសិទ្ធភាព។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខេត្តព្រះសីហនុមានគ្រូពេទ្យចុះបញ្ជីសរុបចំនួន ២៨៤នាក់ ក្នុងនោះជនជាតិខ្មែរ ២៤៧នាក់ និងជនបរទេស ៣៧នាក់ ដែលរួមមានគ្រូពេទ្យជនជាតិចិន ៣៤នាក់។ មានគ្រូពេទ្យស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសរុប ២១២នាក់ ក្នុងនោះ ១៩១នាក់បានបន្តសុពលភាពអាជ្ញាបណ្ណរួចរាល់ ខណៈ ២១នាក់ទៀតមិនទាន់បានបំពេញនីតិវិធីបន្តសុពលភាព។

ទោះបីសម្រេចបានលទ្ធផលជាច្រើនក៏ដោយ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តព្រះសីហនុបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមានការវិនិច្ឆ័យសញ្ញាបត្រមួយចំនួនដែលមានភាពស្មុគស្មាញ ការយឺតយ៉ាវក្នុងការបន្តសុពលភាពអាជ្ញាបណ្ណរបស់សមាជិកមួយចំនួន និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈបន្តដែលនៅមិនទាន់បានពេញលេញ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) គឺជាយន្តការដ៏សំខាន់សម្រាប់ធានាថា វេជ្ជបណ្ឌិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មានសមត្ថភាពឆ្លើយតបទៅនឹងការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងអាចផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងស្របតាមស្តង់ដារវិជ្ជាជីវៈ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការក្លាយជាវេជ្ជបណ្ឌិតមិនមែនបញ្ចប់ត្រឹមការទទួលបានសញ្ញាបត្រនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការសិក្សាពេញមួយជីវិត។ ការធ្វើបច្ចុប្បន្នភាពចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗ គឺជាកត្តាចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការព្យាបាល និងការថែទាំអ្នកជំងឺ ស្របពេលដែលត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមក៏បានអំពាវនាវដល់វេជ្ជបណ្ឌិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យគោរពច្បាប់ ក្រមសីលធម៌ និងស្តង់ដារបច្ចេកទេស ដាក់សុវត្ថិភាពអ្នកជំងឺជាអាទិភាព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ ព្រមទាំងរួមគ្នាកសាងវប្បធម៌គុណភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាសុខាភិបាល។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់វិជ្ជាជីវៈវេជ្ជសាស្ត្រ» ដែលត្រូវបានកសាងឡើងពីចំណេះដឹង សមត្ថភាព សុចរិតភាព សីលធម៌ មនុស្សធម៌ តម្លាភាព និងការបន្តអភិវឌ្ឍខ្លួនឥតឈប់ឈរ។ ដូច្នេះ គ្រូពេទ្យគ្រប់រូបត្រូវបន្តពង្រឹងសមត្ថភាព និងភាពជាអ្នកវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរក្សាទំនុកចិត្តរបស់ប្រជាពលរដ្ឋឱ្យបានយូរអង្វែង៕

អត្ថបទ៖ ប៉ៃ សុឃីម

រូបភាព៖ ឡាយ ចាន់ដា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…