ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្អាកសកម្មភាពយានដ្ឋានបាញ់ថ្នាំរថយន្ត១កន្លែងបង្កក្លិនរំខានពលរដ្ឋដែលអាចប៉ះពាល់ដល់សុខភាព

KPS99TV

សេចក្តីសង្ខេប

ក្រសួងបរិស្ថានបានបញ្ជាឱ្យយានដ្ឋានបាញ់ថ្នាំរថយន្តមួយនៅខណ្ឌសែនសុខ ផ្អាកការបាញ់ថ្នាំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់អនុវត្តវិធានការបរិស្ថាន និងបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធ។

យានដ្ឋានបាញ់ថ្នាំលាបរថយន្ត១កន្លែងបង្កក្លិនរំខានដល់ប្រជាពលរដ្ឋដែលបង្កហានិភ័យសុខភាពសាធារណៈ និងប៉ះពាល់ដល់គុណភាពខ្យល់ ត្រូវបានក្រសួងបរិស្ថានបញ្ជាឱ្យផ្អាកជាបន្ទាន់នូវសកម្មភាពបាញ់ថ្នាំលាបរថយន្តទាំងអស់រហូតដល់ម្ចាស់អាជីវកម្មអនុវត្តឱ្យបានពេញលេញតាមវិធានការបរិស្ថាននិងបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធ។

ការបញ្ជាឱ្យផ្អាកយានដ្ឋាននេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅពេលដែលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះពិនិត្យយានដ្ឋាន វណ្ណៈ ហេង មានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា យានដ្ឋាននេះបានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង និងបង្ការរការបំពុលបរិយាកាសឱ្យបានត្រឹមត្រូវ បណ្តាលឱ្យអ័ព្ទថ្នាំលាប និងចំហាយសារធាតុគីមីគ្រោះថ្នាក់ភាយចេញដោយផ្ទាល់ទៅក្នុងបរិយាកាសជុំវិញ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត។ នេះបើតាមឱ្យដឹងពីក្រសួងបរិស្ថាន។

បើតាមក្រសួងបរិស្ថាន ការបំពុលនេះបានបង្កឱ្យមានក្លិនរំខានប៉ះពាល់ដល់គុណភាពខ្យល់ និងបង្កហានិភ័យដល់សុខភាពសាធារណៈ។ ក្រៅពីនេះ យានដ្ឋាន ក៏មិនបានអនុវត្តតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្វគាំពារបរិស្ថាន ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមានផងដែរ។

ជុំវិញនឹងបញ្ជានេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «ការការពារសុខភាពសាធារណៈ និងបរិស្ថាន គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យគ្រប់អាជីវកម្មអនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពយ៉ាងពេញលេញតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន ព្រមទាំងអនុវត្តវិធានការបង្ការ និងកាត់បន្ថយការបំពុល ដើម្បីការពារសហគមន៍ និងបរិស្ថានជុំវិញ»។

បើតាមឯកឧត្តម ខ្វៃ អាទិត្យា អាទិភាពរបស់ក្រសួង គឺជួយឱ្យប្រតិបត្តិករយល់ដឹង និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះបរិស្ថាន។ ទោះជាយ៉ាងណា ក្នុងករណីដែលការរំលោភបំពានបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ឬបរិស្ថាន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបថា ថ្នាំលាបរថយន្តមានផ្ទុកសារធាតុគ្រោះថ្នាក់ជាច្រើន រួមមាន សារធាតុសរីរាង្គងាយហួត (Volatile Organic Compounds - VOCs) សារធាតុរំលាយ (Solvents) លោហៈធ្ងន់ និងភាគល្អិតតូចៗក្នុងបរិយាកាស។ ការប៉ះពាល់នៃសារធាតុទាំងនេះ អាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើម រលាកភ្នែក និងស្បែក ឈឺក្បាល វិលមុខ និងបញ្ហាសុខភាពផ្សេងៗ។ ការប៉ះពាល់រយៈពេលវែងអាចបង្កើនហានិភ័យនៃជំងឺសួតរ៉ាំរ៉ៃ ជំងឺប្រព័ន្ធប្រសាទ និងជំងឺមហារីកមួយចំនួន។ លើសពីនេះ ការបញ្ចេញសារធាតុទាំងនេះដោយគ្មានការគ្រប់គ្រងក៏រួមចំណែកដល់ការបំពុលបរិយាកាស ការបំពុលដី និងប្រភពទឹក ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់ជុំវិញផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…