ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជ្ញាធរភ្នំពេញបន្តបោសសម្អាតបណ្តាញឆបោកអនឡាញ! បង្ក្រាប ២ទីតាំង ឃាត់ខ្លួនជនសង្ស័យជាង ៥០នាក់ និងដកហូតឧបករណ៍រាប់រយគ្រឿង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ៣ នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៥៨ទីតាំង ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានពិនិត្យឃើញជនបរទេសស្នាក់នៅសរុប ៥៣៣នាក់ ក្នុងនោះស្ត្រី ១៤៨នាក់ និងរកឃើញជនបរទេស ៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តាមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ៣ នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារចំនួន ៥៨ទីតាំង ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានពិនិត្យឃើញជនបរទេសស្នាក់នៅសរុប ៥៣៣នាក់ ក្នុងនោះស្ត្រី ១៤៨នាក់ និងរកឃើញជនបរទេស ៤នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន។

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបង្ក្រាបបាន ២ករណី និងឃាត់ខ្លួនជនសង្ស័យសរុប ៥៥នាក់ ព្រមទាំងដកហូតកុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកជាច្រើនរយគ្រឿង។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសចំនួន ២កន្លែង រួមមាន៖

ទីតាំងទី១ ស្ថិតនៅខុនដូ Peninsula ជាន់ទី២១ បន្ទប់លេខ D2 ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាជនជាតិចិន និងចិនតៃវ៉ាន់ ដែលគ្មានលិខិតឆ្លងដែន និងដកហូតកុំព្យូទ័រយួរដៃ ៣គ្រឿង និងទូរស័ព្ទ ១១គ្រឿង។ ការធ្វើកោសល្យវិច័យដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញថា ទីតាំងនេះសង្ស័យប្រើប្រាស់សម្រាប់ឆបោកក្រោមរូបភាពផ្សព្វផ្សាយស្វែងរកការងារ។

ទីតាំងទី២ ស្ថិតនៅអគារ ហ័នយូ ប្រផឹធី (Han You Property) អគារ A1 និង A2 ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥៣នាក់ ក្នុងនោះមានស្ត្រី ៧នាក់ រួមមានជនជាតិវៀតណាម ៥២នាក់ និងជនជាតិចិន ១នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតកុំព្យូទ័រយួរដៃ ៨៨គ្រឿង ទូរស័ព្ទ ៣៣០គ្រឿង កុំព្យូទ័រ All-in-One ៩គ្រឿង ឧបករណ៍ WiFi ៧គ្រឿង និង Tablet ១គ្រឿង។

តាមការពិនិត្យបច្ចេកទេសរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ទីតាំងនេះពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…