ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្ក្រាបករណីជួញដូរសម្ភារៈឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឃាត់ខ្លួនជនសង្ស័យ៤នាក់

KPS99TV

សេចក្តីសង្ខេប

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈអេឡិចត្រូនិក ដែលបម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុង និងក្រៅប្រទេស។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ។

ក្នុងកិច្ចប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានចុះឆែកឆេរទីតាំងចំនួន ៣កន្លែង ក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផល ជនសង្ស័យចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួន រួមមានជនជាតិខ្មែរ ១នាក់ និងជនជាតិចិន ៣នាក់។

ជាមួយគ្នានេះ វត្ថុតាងជាច្រើនត្រូវបានដកហូត រួមមានរថយន្ត ០១គ្រឿង ទូរសព្ទដៃប្រមាណជាង ៣,០០០គ្រឿង កុំព្យូទ័រយួរដៃ និងលើតុប្រមាណជាង ៤០គ្រឿង សម្ភារៈ និងគ្រឿងបង្គំផ្សេងៗប្រមាណជាង ៩០០គ្រឿង និងស៊ីមកាតទូរសព្ទក្នុងស្រុក និងក្រៅស្រុកប្រមាណជាង ៣២,០០០កាត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ស្ថាប័នតុលាការបានសម្រេចចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ប្រព្រឹត្តជាក្រុមមានការចាត់តាំង)» និងបទ «សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ប្រព្រឹត្តជាក្រុមមានការចាត់តាំង)» ព្រមទាំងបង្គាប់ឱ្យបើកការស៊ើបអង្កេតលើករណី «សម្អាតប្រាក់» បន្ថែមទៀត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់សាធារណជន កុំឱ្យពាក់ព័ន្ធនឹងការទិញ-លក់ ឬរក្សាទុកសម្ភារៈអេឡិចត្រូនិក ដែលបម្រើឱ្យបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសូមរាយការណ៍ជាបន្ទាន់ ប្រសិនបើបានដឹង ឬសង្ស័យពីសកម្មភាពទាំងនេះ ដើម្បីរួមចំណែកធានាសន្តិសុខសង្គម៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…