តបតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពបូមទឹកសង្គ្រោះដំណាំស្រូវ ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត នៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបជូនប្រជាកសិករថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះការដោះស្រាយបញ្ហាខ្វះទឹក ដោយចាត់ទុកការអន្តរាគមន៍ផ្គត់ផ្គង់ទឹកសង្គ្រោះដំណាំស្រូវជាកិច្ចការបន្ទាន់ និងបានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ខិតខំអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការខូចខាតផលដំណាំរបស់ប្រជាកសិករ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាកសិករដែលមានដំណាំស្រូវនៅតំបន់ខាងក្រោម សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំការបែងចែកទឹកតាមវេន និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ទឹកអាចទៅដល់ស្រែរបស់ប្រជាកសិករគ្រប់គ្នា និងសម្រាលផលប៉ះពាល់ពីគ្រោះរាំងស្ងួតឱ្យបានជាអតិបរមា៕
ដោយ៖ ប៉ៃ សុឃីម
















