ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខួប១៧ឆ្នាំដែលបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក!

KPS99TV

សេចក្តីសង្ខេប

ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៦ គឺជាខួប១៧ឆ្នាំដែលបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។ បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។

ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៦ គឺជាខួប១៧ឆ្នាំដែលបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។ បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស។ នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសាររំលឹកខួបផងដែរ។

បណ្ណសារសារមន្ទីរទួលស្លែង ជាភស្ដុតាងដ៏សំខាន់បំផុតបង្ហាញពីអំពើឧក្រិដ្ឋកម្មកើតឡើងក្នុងសម័យខ្មែរក្រហម។ សារមន្ទីរនេះទទួលបានការសម្របសម្រួលជាច្រើនពីសហគមន៍អន្តរជាតិ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេសអង្គការ KOICA តាមរយៈការសម្របសម្រួលរបស់អង្គការយូណេស្កូ ក្នុងការអភិរក្សនិងថតចម្លងឯកសារទាំងនេះ ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានរបស់ជនរងគ្រោះពីសាច់ញាតិ និងផ្ដល់ការប្រើប្រាស់ឯកសារតាមប្រព័ន្ធអ៊ីធឺណេត។

សូមជម្រាបថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស-២១) ជាបូជនីយដ្ឋានមួយក្នុងចំណោមបូជនីយដ្ឋានទាំង៣របស់កម្ពុជា ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចុះជា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេចលេខ 47 COM 8B.14 ក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង។

ទីតាំងឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ទាំង៣នោះរួមមាន៖ អតីតមន្ទីរឃុំឃាំងម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ), សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ) ត្រូវបានចុះជា “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕

ដោយ៖ ង៉ែត ពិសាន្ត



មតិយោបល់

កំពុងផ្ទុកមតិយោបល់…