រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្មវិធីជំរុញការវិនិយោគក្នុងខេត្តភាគឦសានទាំងបួនទទួលសំណើ ៧២ គម្រោង ក្នុងទុនសរុប ២,៦៥០ លានដុល្លារ

KPS99TV

សេចក្តីសង្ខេប

គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគនៅខេត្តភាគឦសានទាំងបួន បានទទួលសំណើចំនួន ៧២ គម្រោង មានទុនស្នើសុំសរុប ២,៦៥០ លានដុល្លារអាមេរិក។ ខេត្តមណ្ឌលគិរីមាន ២២ គម្រោង ក្នុងទុនស្នើសុំ ៥១១ លានដុល្លារ និងអាចបង្កើតការងារ ៥,០០៣ កន្លែង។

គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២គម្រោង ក្នុងទុនវិនិយោគ ២ ៦៥០លានដុល្លារអាម៉េរិក ដែលបង្ហាញអំពីសក្តានុពល និងចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងភូមិភាគឦសាន ។ ក្នុងចំណោមគម្រោងវិនិយោគទាំង៧២គម្រោង ខេត្តមណ្ឌលគិរី បានទទួលសំណើគម្រោងវិនិយោគចំនួន ២២គម្រោង ក្រោមទុនវិនិយោគ ៥១១លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ៥ ០០៣កន្លែង។

គម្រោងទុនវិនិយោគដែលបានទទួលនេះ ត្រូវបានបង្ហាញក្នុងកិច្ចជំនួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ក្រោមវត្តមានឯកឧត្តម ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី។

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានបង្ហាញអំពីអត្ថប្រយោជន៍នៃការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដែលកម្មវិធីពិសេសអាចផ្តល់ជូនតួយ៉ាងដូចជា ការផ្តល់ការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បបរមា ចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ គឺអាចស្នើសុំគោលការណ៍វិនិយោគពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) បាន ។

លើសពីនេះ សម្រាប់សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្តទាំងបួនរួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត រហូតដល់ដំណាច់ឆ្នាំ២០២៦ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ, បំណុលពន្ធ និង ការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ាន សាហ៊ីប បានជំរុញឱ្យក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រួមជាមួយរដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចក្នុងការទទួលនូវការស្នើសុំប្រឹក្សាយោបល់ ការគាំទ្រការដាក់ពាក្យ ការសម្រួលនីតិវិធី និងការចូលរួមដោះស្រាយបញ្ហារាំងស្ទះដោយប្រការណាមួយ ដោយប្រើប្រាស់ “យន្តការច្រកចេញចូលតែមួយ” របស់ក្រុមការងារ និង ការរួមគ្នាជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយការដោះស្រាយបញ្ហារួមគ្នាជាកញ្ចប់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។

សូមបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅប្រែក្លាយភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចថ្មីដ៏មានសក្តានុពល តាមរយៈវិធានការគាំទ្រពិសេសលើវិស័យអាទិភាពចំនួន៣ គឺ កសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយផ្តល់ការគាំទ្រលើការលើកទឹកចិត្តផ្នែកពន្ធ និងអាករ, ផ្តល់ហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ និងកាត់បន្ថយថ្លៃដើមផលិតកម្ម ព្រមទាំងការសម្របសម្រួលពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និងក្រសួងស្ថាប័នពាក់ព័ន្ធ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…