រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ត្រៀមខ្លួន! គ.ជ.ប បើកការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៧ តុលា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

មន្ត្រី គ.ជ.ប លោក ជាវង់ សុគារិទ្ធ បានឱ្យដឹងថា ដំណើរការនេះមានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានភាព ពេញលេញ ត្រឹមត្រូវ និងទាន់សម័យ ដោយមានការស្រង់ និងលុបឈ្មោះអ្នកដែលបានទទួលមរណភាព ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬបានផ្លាស់ប្តូរលំនៅឋានទៅឃុំ សង្កាត់ផ្សេង ដោយផ្អែកលើឯកសារបញ្ជាក់ត្រឹមត្រូវ។

សម្រាប់ការចុះឈ្មោះថ្មី គ.ជ.ប នឹងទទួលពាក្យពី ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃបោះឆ្នោតថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៧ និងមិនធ្លាប់បានចុះឈ្មោះបោះឆ្នោតពីមុន។ អ្នកដែលបានផ្លាស់ទីលំនៅ ឬទីស្នាក់នៅទៅឃុំ សង្កាត់ថ្មី ក៏អាចចុះឈ្មោះនៅទីកន្លែងដែលខ្លួនកំពុងរស់នៅ ឬស្នាក់នៅបានផងដែរ។

ក្រៅពីនេះ ប្រជាពលរដ្ឋអាចស្នើសុំ កែតម្រូវព័ត៌មានប្រវត្តិរូប ដោយត្រូវមានឯកសារយោងត្រឹមត្រូវ។ គ.ជ.ប ក៏នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួមមានការថតរូប និងផ្តិតមេដៃ សម្រាប់អ្នកដែលបានចុះឈ្មោះក្នុងឆ្នាំ ២០១៦ និង២០១៧ ប៉ុន្តែមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ខ្លួន។

គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះដំណើរការនេះ និងត្រៀមឯកសារចាំបាច់ឱ្យបានគ្រប់គ្រាន់ ដើម្បីពិនិត្យឈ្មោះ ចុះឈ្មោះ ឬកែតម្រូវព័ត៌មានរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

គ.ជ.ប បានចាត់ទុកការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតថា ជាជំហានសំខាន់ក្នុងការធានាឱ្យបញ្ជីអ្នកបោះឆ្នោតមានភាពត្រឹមត្រូវ និងត្រៀមខ្លួនសម្រាប់ ការបោះឆ្នោតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…