ភ្នំពេញ៖ ផ្ទៃដីជាង ៣៨៦,៨៨០ហិកតា នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ត្រូវបានអង្គភាពសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំណត់ថា មានការរងផលប៉ះពាល់ពីសំណល់យុទ្ធភណ្ឌដែលនៅសេសសល់ពីសង្គ្រាមនៅឆ្នាំ២០២៥។ ក្នុងចំណោមនោះ ផ្ទៃដីជាង ២៩៥,០៩៦ហិកតា ត្រូវបានកំណត់ថា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។
ការបញ្ជាក់នេះធ្វើឡើងដោយលោក ហេង រតនា អគ្គនាយក CMAC ក្នុងបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមនៅលើទឹកដីកម្ពុជា ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
តាមទិន្នន័យរបស់ CMAC ក្រុមការងារបានបញ្ចប់ការស្រាវជ្រាវព័ត៌មាននៅតាមភូមិចំនួន ៣៣៥ ក្នុងចំណោម៣៤៩ភូមិ ដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ពីសង្គ្រាមឆ្នាំ២០២៥។ ការស្រាវជ្រាវបានកំណត់តំបន់ដែលអាចរងផលប៉ះពាល់សរុបចំនួន ៥,៤០៩ទីតាំង (Polygons)។
តំបន់ដែលត្រូវបានកំណត់ថារងការគំរាមកំហែង ស្ថិតនៅក្នុងឃុំ-សង្កាត់ចំនួន ៦០ និងភូមិចំនួន ៣៤៩ ក្នុងខេត្តចំនួន៧ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។
លោក ហេង រតនា បានឱ្យដឹងថា ផលប៉ះពាល់ពីសង្គ្រាមបានធ្វើឱ្យប្រជាពលរដ្ឋជាង ៦៤០,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ប្រឈមទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិស៊ីវិលមួយចំនួន ក៏ទទួលរងការខូចខាតផងដែរ។
ក្រៅពីការវាយតម្លៃលើផ្ទៃដីរងផលប៉ះពាល់ CMAC ក៏បានប្រមូល និងកំណត់សក្ខីកម្មជាក់ស្តែងជាង ១៦,០០០ករណី ពាក់ព័ន្ធនឹងផលប៉ះពាល់ពីសង្គ្រាម ដែលរួមមានការខូចខាតដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងតំបន់បេតិកភណ្ឌមួយចំនួន។
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ CMAC បានបន្តការស្រាវជ្រាវនៅតំបន់រងផលប៉ះពាល់ និងបានបញ្ចប់ការសិក្សាលម្អិតនៅភូមិចំនួន៣៥។ តាមការបញ្ជាក់របស់លោក ហេង រតនា ផ្ទៃដីដែលរកឃើញថារងផលប៉ះពាល់សរុបមានទំហំជាង ៣,៨០០គីឡូម៉ែត្រក្រឡា ក្នុងនោះជាង ២,៧០០គីឡូម៉ែត្រក្រឡា ត្រូវបានកំណត់ថាពាក់ព័ន្ធនឹងគ្រាប់បែកចង្កោម។
CMAC បញ្ជាក់ថា ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ះពាល់ គឺជាជំហានសំខាន់សម្រាប់រៀបចំផែនការបោសសម្អាតសំណល់យុទ្ធភណ្ឌ និងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ៕
ដោយ៖ ពេញ សុភ័ក្រ្ត







