លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ding Xuexiang ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងវិស័យឯកជនសំខាន់ៗជាច្រើនរូប។
ពិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
មូលបទសំខាន់រួមមាន «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ»ហើយគោលបំណងចម្បងគឺ ជំរុញការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។
សកម្មភាពស្នូលមាន ការតាំងពិព័រណ៍ផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម និងទំនិញប្រើប្រាស់ អមដោយជំនួបពាណិជ្ជកម្ម (B2B) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ៕ដោយ៖ ប៉ៃ សុឃីម










