អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមចុះពិនិត្យជំរំជនភៀសសឹកភូមិរងចាំខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ចុះពិនិត្យស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជំរំជនភៀសសឹកនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន ជំរំនេះមានប្រជាពលរដ្ឋ ៣,៣១៨គ្រួសារ ស្មើនឹង ១៣,២៥៩នាក់ ដែលនៅមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយសារផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ដោយកងកម្លាំងយោធាថៃ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។
ការចុះពិនិត្យផ្ទាល់បានផ្តល់ឱកាសឱ្យឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន បានឃើញពីស្ថានភាពជាក់ស្តែង និងផលប៉ះពាល់មនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជាកំពុងជួបប្រទះ។ កម្ពុជាបានស្វាគមន៍តួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការសង្កេតការណ៍ ផ្ទៀងផ្ទាត់ស្ថានភាព គាំទ្រការអនុវត្តបទឈប់បាញ់ និងកសាងទំនុកចិត្តរវាងភាគីកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ស្ថានភាពដែលបានឃើញនៅជំរំជនភៀសសឹក បង្ហាញពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំណុចទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការងារនេះត្រូវបានចាត់ទុកថាមានសារៈសំខាន់ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះវិញដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងកិត្តិយស។ដោយ៖ សុភ័ក្រ្ត









