កម្ពុជាចាប់ដៃគូជាមួយជប៉ុន ពន្លឿនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្លាយជាច្រកដឹកជញ្ជូនឈានមុខ
កម្ពុជាកំពុងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យកាន់តែទំនើប តាមរយៈការបញ្ជូនមន្ត្រីជំនាញអន្តរក្រសួង-ស្ថាប័នចំនួន ១៣រូប ដឹកនាំសម្របសម្រួលដោយក្រសួងសាធារណការ និងដឹកជញ្ជូន ទៅដកស្រង់បទពិសោធន៍ផ្ទាល់នៅប្រទេសជប៉ុន រយៈពេល ១១ថ្ងៃ (ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦)។ បេសកកម្មរួមគ្នានេះ មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមក្របខណ្ឌគម្រោងរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែស្នូលប្រចាំតំបន់ ដោយកំណត់ចក្ខុវិស័យវែងឆ្ងាយរហូតដល់ឆ្នាំ២០៥០។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានចុះពិនិត្យ និងសិក្សាពីប្រព័ន្ធគ្រប់គ្រងជាក់ស្តែងនៅបណ្តាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មលំដាប់ពិភពលោករបស់ជប៉ុន ដូចជា Yokohama, Tokyo, Hakata, Nagoya និង Shimizu។ ចំណុចគន្លឹះដែលក្រុមការងារបានក្រេបជញ្ជក់រួមមាន ការរៀបចំផែនការអភិវឌ្ឍកំពង់ផែអព្យាក្រឹតកាបូន (Carbon Neutral Port) ការធ្វើទំនើបកម្មប្រតិបត្តិការដឹកជញ្ជូនតាមបច្ចេកវិទ្យាឌីជីថល ព្រមទាំងការគ្រប់គ្រងឃ្លាំងស្តុក និងខ្សែច្រវាក់ត្រជាក់ (Cold Chain Logistics) ប្រកបដោយស្តង់ដារខ្ពស់។
ចំណេះដឹង
និងបច្ចេកវិទ្យាទំនើបៗដែលទទួលបានពីដៃគូជប៉ុន នឹងត្រូវយកមកកែច្នៃ និងអនុវត្តឱ្យត្រូវទៅនឹងបរិបទជាក់ស្តែងនៅកម្ពុជា សំដៅធានាឱ្យផែនការមេថ្មីនេះដំណើរការប្រកបដោយប្រសិទ្ធភាព ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់។ នេះមិនត្រឹមតែជាការលើកកម្ពស់សមត្ថភាពកំពង់ផែសមុទ្រទឹកជ្រៅរបស់កម្ពុជាឱ្យស្មើមុខស្មើមាត់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងគាំទ្រដល់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យ៉ាងរឹងមាំផងដែរ។ដោយ៖ ស្រីពី






