ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ផ្ទះថ្មី១០២ខ្នងទៀត ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងភរិយា បានប្រគល់ជូនដល់ដៃអតីតយុទ្ធជន និងនិវត្តជន នៅព្រះវិហារ!

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីប្រគល់ផ្ទះចំនួន១០២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អតីតយុទ្ធជន និងនិវត្តជន ក្នុងនោះ មាន៥០ខ្នង តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានថ្លែងថា «ក្នុងនាម អគ្គលេខាធិការ សមាគមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមសម្តែងការដឹងគុណដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែទុកការលំបាករបស់អតីតយុទ្ធជន និងនិវត្តជន គឺជាការងារមនុស្សធម៌ដ៏សំខាន់មិនអាចកាត់ថ្លៃបាន ដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍមកទល់សព្វថ្ងៃបានមក ដោយការលះបង់របស់អតីតយុទ្ធជន និងនិវត្តជន»។

សូមជម្រាបថា ផ្ទះ១០២ខ្នងនេះ បានកសាងឡើងនៅរួមជាមួយនឹងផ្ទះបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹក ដែលទទួលបានការរៀបចំ និងស្ថាបនា ផ្លូវ អគ្គិសនី ទឹកស្អាត សាលារៀន ប៉ុស្ត៍សុខភាពជាដើម ដែលបម្រើដល់ជីវភាពប្រចាំថ្ងៃ៕ ដោយ៖ ស្រីពី