ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ប្រជាពលរដ្ឋជាង ១ម៉ឺននាក់សម្រុកមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

នៅខេត្តកំពង់ស្ពឺចលនាសប្បុរសធម៌លើវិស័យសុខាភិបាលបានបង្កើតនូវទិដ្ឋភាពដ៏កក់ក្តៅ និងអធិកអធមជាថ្មីម្តងទៀត នៅវិទ្យាល័យកំពង់ស្ពឺ ក្រុងច្បារមន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះកររហូតដល់ជាង ១០,០០០នាក់ បានមកទទួលការពិនិត្យ ពិគ្រោះយោបល់ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ ចំនួនអ្នកចូលរួមដ៏ច្រើនលើសលប់នេះ គឺកើនឡើងលើសពីផែនការគ្រោងទុកដំបូងដែលមានត្រឹមតែ ៣,៦០០នាក់ប៉ុណ្ណោះ។ កម្មវិធីមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយវត្តមានលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ លោក យក់ ប៊ុនណា បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលតែងតែនៅជាប់ជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីក្តាប់ឱ្យបានច្បាស់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែង។ លោករដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់ថា សុខុមាលភាពសាធារណៈគឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងរុញច្រានសកម្មភាពគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលដោយផ្ទាល់ដល់មូលដ្ឋានបែបនេះទៀតផង។

យោងតាមរបាយការណ៍របស់លោក ជិន កែវសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បេសកកម្មដ៏ធំនេះមានកម្លាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមសរុបដល់ទៅ ៨៣៧នាក់ ដើម្បីផ្តល់សេវាសុខាភិបាល ចែកថ្នាំពេទ្យ និងបង្រៀនវគ្គសង្គ្រោះបឋមដោយឥតគិតប្រាក់។ សេវាពិនិត្យគ្របដណ្តប់លើមុខជំងឺជាច្រើនប្រភេទ តាំងពីជំងឺទូទៅ រោគកុមារ រោគស្ត្រី ផ្លូវចិត្ត សួត ក្រពះពោះវៀន សើស្បែក បេះដូង លើសឈាម ទឹកនោមផ្អែម រហូតដល់សុខភាពមាត់ធ្មេញ និងភ្នែក ដោយមានការប្រើប្រាស់ឧបករណ៍ទំនើបៗដូចជា ម៉ាស៊ីនអេកូសាស្ត្រ ឧបករណ៍ផ្លុំរកមេរោគក្រពះ វាស់ចង្វាក់បេះដូង ការវិភាគឈាមក្នុងមន្ទីរពិសោធន៍ ព្រមទាំងសេវាវះកាត់តូច និងព្យាបាលរបួសជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត។ ដោយ៖ ស្រីពី