ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ពិធីនេះបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត។ ក្រៅពីនេះ ក៏មានការចូលរួមពីសមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យុ ដែលជាភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ។
ការដាក់ឱ្យប្រើប្រាស់គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត ជាការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្សព្វផ្សាយព័ត៌មាននៅថ្នាក់មូលដ្ឋាន។ ប្រព័ន្ធនេះនឹងផ្តល់លទ្ធភាពដល់មន្ទីរព័ត៌មានរាជធានី-ខេត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន និងសកម្មភាពនានាទៅកាន់សាធារណជនតាមប្រព័ន្ធអនឡាញបានកាន់តែងាយស្រួល និងទូលំទូលាយ។ ដោយ៖ ពេញ សុភ័ក្រ្