សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ចាប់ខ្លួនម្ចាស់អគារ ២កន្លែង ពីបទផ្ដល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ
កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទ្រង់ទ្រាយធំចំនួន ២កន្លែង នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង បុរសម្នាក់ឈ្មោះ អ៊ុ សុផល ដែលជាម្ចាស់អគារទាំង ២កន្លែង (អគារទី១ កម្ពស់ ៥ជាន់ មាន ១៧២បន្ទប់ និងអគារទី២ កម្ពស់ ២ជាន់ មាន ៥៩បន្ទប់) ពីបទសង្ស័យផ្ដល់ទីតាំងគាំទ្រដល់ក្រុមឧក្រិដ្ឋជនឆបោក។
រកឃើញមនុស្សសរុបជាង ២២០នាក់ រួមមានជនបរទេសចំនួន ២០០នាក់មកពី ៧សញ្ជាតិ (ថៃ ១៧៤នាក់, បង់ក្លាដេស ១០នាក់, ឥណ្ឌូនេស៊ី ៨នាក់, ហ្វីលីពីន ៣នាក់, ចិន ២នាក់, ឥណ្ឌា ២នាក់, ម៉ាឡេស៊ី ១នាក់) និងជនជាតិខ្មែរចំនួន ២៣នាក់។
ចំពោះជនសង្ស័យត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ា និងស្នងការដ្ឋាននគរបាលខេត្ត ចំណែកវត្ថុតាងត្រូវបានដកហូត ហើយទីតាំងអគារទាំងពីរត្រូវបានបិទជាបណ្តោះអាសន្នដើម្បីចាត់ការតាមច្បាប់។
យោងតាមគណៈកម្មការចំពោះកិច្ច (គ.ប.ឆ.ប.) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជាបានបង្ក្រាបទីតាំង Online Scam បានចំនួន ៦៦៣កន្លែង ក្នុងនោះបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក (scam compounds) ចំនួន ៨៦ទីតាំង ព្រមទាំងបានបង្កកថវិកាក្នុងគណនីធនាគារជាង ៣០០លានដុល្លារ និងទ្រព្យសម្បត្តិមួយចំនួនធំទៀតផងដែរ៕
ដោយ៖ ប៉ៃ សុឃីម






